ក្តៅៗ ថ្ងៃនេះ​ កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មី ២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយចំនួន ២នាក់…

ភ្នំពេញ៖បុរសជាជនជាតិខ្មែរ អាយុ ៣៤ឆ្នាំម្នាក់ មានអាស័យដ្ឋាននៅស្រុកកោះធំ ខេត្តកណ្តាល និងស្ត្រីជាជនជាតិកាហ្សាក់ស្តង់ម្នាក់ អាយុ ៤២ឆ្នាំ ត្រូវបានក្រសួងសុខាភិបាលរកឃើញថា មានការឆ្លងវីរុសកូវីដ-១៩ កាលពីថ្ងៃទី៤ ខែសីហា។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះ។

បុរសជាជនជាតិខ្មែរដែលទើបឆ្លងនេះ ជាអ្នកដំណើរមកពីប្រទេសប៉ាគីស្ថាន បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកកម្ពុជា ត្រូវបានធ្វើចក្តាឡីស័កនៅមណ្ឌលចក្តាឡីស័កបូរី១០០ខ្នង រហូតធ្វើតេស្តលើកទី២ ទើបឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ខណៈស្ត្រីជាជនជាតិកាហ្សាក់ស្តង់វិញ ជាអ្នកដំណើរពីប្រទេសកាហ្សាកើស្តង់ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៣ ខែសីហា ។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ប្រកាសព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ផងដែរ ជាស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៦០ឆ្នាំ ជាអ្នកដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន មកកម្ពុជា និងកុមារីជាជនជាតិអាមេរិកកាំង ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកកម្ពុជាត្រូវបានរាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។

បច្ចុ​ប្បន្ននេះ អ្នកជំងឺកូវីដ-១៩ បុរសជាជនជាតិខ្មែរ ត្រូវបានដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ខណៈស្ត្រីជាជនជាតិកាហ្សាក់ស្តង់ ត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយឡែកអ្នកព្យាបាលជាសះស្បើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ៕

Related posts

Leave a Comment