ខ្មែរយើងសូមប្រយ័ត្ន! កាន់តែសាហាវហើយ ត្រឹមតែ១យប់ វៀតណាមប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៌ចំនួន៤៥នាក់…

បរទេស៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញមនុស្ស៤៥នាក់ ឆ្លងវីរុសកូវីដ-១៩ ដែលមនុស្សទាំង៤៥នាក់ មានប្រភពពាក់ព័ន្ធជាមួយមន្ទីរនៅទីក្រុងដាណាង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Vnexpress ។

ភ្លាមៗនោះក្រោយពីរកឃើញករណីឆ្លងក្នុងសហគមន៌ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ក្រសួងសុខាភិបាលបានប្រកាសទៀតថា ការឆ្លងនេះគឺជាការផ្ទុះវីរុសកូវីដ-១៩ ដ៏ធំបំផុតរបស់ប្រទេសវៀតណាម​ ដែលបានបង្កើនករណីសកម្មរបស់ប្រទេសនេះកើនដល់១៤០ នាក់។

ក្រសួងសុខាភិបាលវៀតណាម ក៏បានបញ្ជាក់ទៀតថា ការឆ្លងក្នុងសហគមន៍បានរីករាលដាលដល់ទីក្រុង និងខេត្តចំនួន៥ ផ្សេងទៀត ក្នុងរយៈពេល៦ថ្ងៃ ដោយមានដូចជា ទីក្រុងហាណូយ ខេត្តក្វាងណាម ដែលនៅជិតទីក្រុងដាណាង ខេត្តក្វាងង៉ៃ និងខេត្តខ្ពង់រាបកណ្តាលដាកឡុក។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ប្រទេសវៀតណាម បានរកឃើញករណីឆ្លងកូវីដ-១៩ សរុបចំនួន៥០៩នាក់ ខណៈអ្នកត្រូវបានព្យាបាលសះស្បើយមានចំនួន៣៦៩នាក់ និងគ្មានករណីស្លាប់សូម្បីតែម្នាក់ ៕

អត្ថបទ៖ KBN News

Related posts

Leave a Comment