ធ្វើបានទេមើលទៅ! អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យវាយកម្ទេច សំណង់ដែលល្មើសច្បាប់ចោល ដោយមិនត្រូវទុកឲ្យបង្កគ្រោះថ្នាក់ដល់មនុស្សទៀតឡើយ…

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមានអនុវត្តវិធានការរដ្ឋបាល ចំពោះសំណង់ខុសប្លង់អនុញ្ញាត ដែលអាចបង្កហានិភ័យដល់មនុស្ស ហើយត្រូវអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការ គ្រប់ការដ្ឋានសំណង់ដែលបានសាងសង់ឡើងដោយគ្មានច្បាប់ និងមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់ដែលបានអនុញ្ញាត។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពី អភិបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ឃួង ស្រេង បានបញ្ជាក់ដូច្នេះថា “ការសង់សំណង់ខុសច្បាប់អនុញ្ញាតិ ត្រូវបានហាមឃាត់ ឬវាយចោលតែម្ដង ដោយមិនត្រូវទុកឲ្យមានការភ័យ កើតឡើងទេ។ បញ្ហាបែបនេះយើងធ្លាប់បានវាយ និងកាត់សំណង់កំពស់១០ជាន់រួចម្តងហើយ ការធ្វើដូច្នេះ គឺដើម្បីកុំឲ្យមានហានិភ័យកើតឡើងប៉ះពាល់ ដល់អាយុជីវិតមនុស្ស”។

អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកគាំទ្រជានិច្ចចំពោះការបើកការដ្ឋានឲ្យសាងសង់សំណង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើន ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ មិនគាំទ្រចំពោះសំណង់គ្មានច្បាប់ និងសំណង់ដែលធ្វើខុសប្លង់អនុញ្ញាតនោះដែរ។

ដោយឡែក ចំពោះសំណង់ដែលមានអាយុកាលចាស់ទ្រុឌទ្រោម លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ក្នុងរាជធានីភ្នំពេញ ឲ្យឲ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀស វាងមានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរ ថាមិនបានយកចិត្តទុកដាក់ចំពោះពួកគាត់។

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ទ្រុឌទ្រោមចំនួន២៤៥ទីតាំង ដែលបាននិងកំពុងបង្កហានិភ័យខ្ពស់ ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ៕

អត្ថបទដោយ៖ KBN

Related posts

Leave a Comment