ភ្នំពេញ៖ លោកផ្កាយ២ម្នាក់ឈ្មោះ យឹម វុទ្ធី ក្នុងនាមជាដើមបណ្តឹង បានប្តឹងលោកយាយម្នាក់អាយុ៦០ឆ្នាំ ឈ្មោះ ជង សៀមឆេង ដោយចោទប្រកាន់ពីបទ «លួចចិញ្ចៀនពេជ្រ និង ជំរិតទារប្រាក់» ។ ទន្ទឹមនេះ ខាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានកោះហៅលោកយាយអាយុ៦០ឆ្នាំ អោយចូលបំភ្លឺ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ រួចហើយ ។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «សេង សុវណ្ណ មង្គល» បានបង្ហោះកាលពីព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ថា «ឯណាយុត្តិធម៌ ! ម្ដាយខ្ញុំរើសបានចិញ្ចៀនកណ្តាលថ្នល់សោះ មិនដឹងថាចិញ្ចៀនបុគ្គលណាទេ តែបែរជាលោកផ្កាយ២ ចោទថា ម្ដាយខ្ញុំជាអ្នកលួចចិញ្ចៀនទៅវិញ ។ រូបភាព មានហើយហេតុអីបាន ថា គ្រួសារខ្ញុំលួចចិញ្ចៀនប្រទេសខ្មែរមានយុត្តិធម៌ទេ សម្រាប់គ្រួសាររបស់ខ្ញុំ តើគ្រួសាររបស់ខ្ញុំទទួលបានយុត្តិធម៌យ៉ាងណា»។
ជាមួយគ្នានេះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញជាយោបល់ ថា «បើតាមខ្ញុំមើលភស្តុតាងក្នុង Camera មានជាក់ស្តែង ឃើញនឹងភ្នែកច្បាស់ ប៉ុណ្ណឹង ហើយ លោកផ្កាយ គាត់ហ៊ានប្តឹង ក្នុងលក្ខណៈបំបែកសំណុំរឿងទៀត ។ គួរតែ លោកផ្កាយ ធ្វើការសម្របសម្រួល នឹង លោកយាយ ទើបជាការប្រសើរនិងមានភាពថ្លៃថ្នូរ ក្នុងនាមជាអ្នកមានឋានៈ ក្នុងសង្គមកុំយកផ្កាយមកធ្វើស្រែបុណ្យធ្វើបាបរាស្ត្រទន់ខ្សោយបែបនេះមិនល្អទេ»។
ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានព្យាយាមទំនាក់ទំនងភាគីខាងលោកយាយអាយុ៦០ឆ្នាំ តែមិនទាន់បាននៅឡើយទេ ៕
អត្ថបទ៖ CPC News