ដូចដែរ ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីរសៀលថ្ងៃមិញនេះ ទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ផែង វណ្ណៈ បានប្រកាសជូនសាគុន នូវថវិកាចំនួន ១០លានរៀល ទៅដល់មហាជនណា ដែលអាចស្វែងរកអាសយដ្ឋានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Try SeangHai ដោយបានប្រើប្រាស់ពាក្យសម្ដីជេរប្រមាថមកលើរូបលោក យ៉ាងធ្ងន់ធ្ងរ កាលពីប៉ុន្មានថ្ងៃមុននេះ។
ចំពោះដើមហេតុដំបូង នៃរឿងមួយនេះ គឺកើតឡើង នៅពេលដែលលោក ផែង វណ្ណៈ បានបង្ហោះនូវសំណេរអត្ថបទមួយឃ្លា ទាក់ទងទៅនឹងរឿង រថយន្ដម៉ាក Roll Royce Ghost មួយគ្រឿង ហើយក៏ត្រូវបានម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ Try SeangHai បានស៊ែរចែករំលែកបន្ដ នូវសំណេរអត្ថបទរបស់លោក ផែង វណ្ណៈ ដោយអមមកជាមួយ មតិ បូករួមជាមួយពាក្យពេចន៍ជេរប្រមាថយ៉ាងធ្ងន់ធ្ងរមកលើលោក ផែង វណ្ណៈ។
យ៉ាងណាមិញ នាយប់ថ្ងៃដដែលនេះ បន្ទាប់ពីលោក ផែង វណ្ណៈ បានប្រកាសស្វែងរកមុខយុវជន ដែលជាម្ចាស់គណនី ហ្វេសប៊ុកខាងលើរួចមក ពេលនេះរូបលោក បានជួបនឹងយុវជននោះហើយ ដោយសាមុីខ្លួន (Try SeangHai) បានអះអាងនៅមុខសមត្ថកិច្ចថា គណនី ហ្វេសប៊ុករបស់លោក ត្រូវបានជនអនាមិក បានលួចយកទៅគ្រប់គ្រងទៅហើយ ហើយការបង្ហោះសំណេរជេរប្រមាថលោក ផែង វណ្ណៈ នោះដែរ គឺមិនមែនខ្លួនជាអ្នកធ្វើនោះឡើយ។
លោក ផែង វណ្ណៈ បានសរសេរប្រាប់ឱ្យដឹងថា៖”ខ្ញុំបានមកដល់កំពតហេីយជួបឈ្មោះ ទ្រី សៀងហៃ តាមការសាកសួររបស់សមត្ថកិច្ចនគរបាលក្រុងកំពត គាត់បានបដិសេធ មិនបានជេរខ្ញុំទេ។ គណនី ហ្វេសប៊ុក ឈ្មោះ Try Seanghai គឺជនអនាមិកបានលួចយកមកប្រេីប្រាស់ ជេរប្រមាថមនុស្សជាច្រើន។ ដោយយល់ថាប្អូនក៏ជាជនរងគ្រោះដែរ ខ្ញុំមិនបានប្ដឹងប្អូនទេ តែខ្ញុំនិងប្អូនប្រុស បានរួមគ្នាដាក់ពាក្យបណ្ដឹងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដេីម្បីស្រាវជ្រាវរកជនអនាមិកនោះមកផ្ដន្ទាទោសតាមច្បាប់“។