គាំទ្រទេ? ក្រសួងសាធារណការ គ្រោងបិទយានដ្ឋានកែច្នៃយានយន្តខុសបច្ចេកទេស ចោលទាំងអស់ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបិទយានដ្ឋានកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសឱ្យបានអស់ជាស្ថាពរ ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់កំណត់។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់-ទទួល រនាំងផ្លាកសញ្ញាគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកបានបញ្ជាក់ថា ដំណើរការសាកល្បង ដំឡើងប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិ (AI Camera and Weight in Motion Sensor) ចំនួនពីរស្ថានីយកំពុងដំណើរការ ដើម្បីត្រួតពិនិត្យយានយន្ត ដែលដឹកទំនិញលើសទម្ងន់កម្រិតកំណត់ និងគម្រោងបិទយានដ្ឋានកែច្នៃខុសលក្ខណៈបច្ចេកទេសឱ្យបានអស់ជាស្ថាពរ។

ទន្ទឹមនេះ លោកអំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់ មិនត្រូវដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ បង្កភាពយឺតយ៉ាវទាំងអស់គ្នា និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាស្ពានថ្នល់យើងឱ្យបានគង់វង្ស ប្រើប្រាស់បានយូរអង្វែងផងដែរ៕

Related posts

Leave a Comment