នុះ ក្រសួងពាណិជ្ជកម្មត្រៀមចាត់វិធានការក្តៅ លើម្ចាស់ផលិតផលម្ស៉ៅទឹកដោះគោក្មេង ដែលមិនព្រមបិទអក្សរខ្មែរជំរុញការបំបៅកូនដោយទឹកដោះម្តាយ…

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ត្រៀមចាត់វិធានការក្តៅ លើម្ចាស់អាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ ដែលមិនទាន់បានអនុវត្តតាមប្រកាសរួមស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ បានត្រឹមត្រូវនៅឡើយ។

នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៨ ខែកក្កដា ដែល CPC NEWS ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ។

នៅក្នុងប្រកាសរួមស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ គឺគ្រប់ផលិតផលចិញ្ចឹមទារក និងកុមារទាំងអស់ ត្រូវបំពេញកាតព្វកិច្ច នៅលើសំបកវេចខ្ចប់ ជាប់នឹងផលិតផលរបស់ខ្លួន ដូចជា ការបង្ហាញការណែនាំអំពីវិធីប្រើផលិតផលជាភាសាខ្មែរ និងជាពិសេសត្រូវមានពាក្យថា “គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ រហូតបាន ៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ”។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្មទុករយៈពេល ៣០ថ្ងៃ ដល់ម្ចាស់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ ដើម្បីអនុវត្តតាមប្រកាសរួមឲ្យមានប្រសិទ្ធភាព បើពុំនោះទេ នាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការផ្អាកជាបណ្តោះអាសន្ននូវការចរាចរ និងដកហូតចេញពីទីផ្សារ ឬអនុវត្តនីតិវិធីផ្សេងៗទៀត ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀត ដោយមិនលើកលែង៕

Related posts

Leave a Comment