លោកបណ្ឌិត សុខ ទូច៖ កម្ពុជាត្រូវជំរុញការផលិត ដើម្បីទទួលបានផលពីពាណិជកម្មសេរីជាមួយចិន

(ភ្នំពេញ)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលទើបបញ្ចប់ការចរចា បានក្លាយជារឿងសាទរមួយសម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសផលិតកសិកម្ម។ តែក៏មានការមើលឃើញផងដែរថា បើកម្ពុជាមិនប្រឹងប្រែងកែសម្រួលបញ្ហា និងឧបសគ្គមួយចំនួន ដើម្បីបង្កើនសមត្ថភាពលើការផលិតទេនោះ កម្ពុជានឹងទទួលផលមិនបានច្រើននោះឡើយពីកិច្ចព្រមព្រៀងមួយនេះ។

បន្ទាប់ពីការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លី ខឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគីកាលពីខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ការពិភាក្សាពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ត្រូវបានធ្វើឡើង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុប ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។

កិច្ចចរចាលើនីតិវិធី ការកំណត់ប្រភេទទំនិញជាដើម ត្រូវបានធ្វើចំនួន៣លើកតាមរយៈប្រព័ន្ធវីដេអូរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងចិន នៅក្នុងឆ្នាំ២០២០នេះ ហើយកិច្ចចរចានេះត្រូវបានប្រកាសបិទបញ្ចប់ទាំងស្រុងនៅក្នុងខែកក្កដានេះ។ គេរំពឹងថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រវាងកម្ពុជា និងចិន អាចនឹងធ្វើឡើងនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។

ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងបើកឱកាសកាន់តែធំសម្រាប់កម្ពុជាក្នុងការនាំចូលផលិតផលកសិផល និងកសិផលកែច្នៃចូលទៅប្រទេសចិន ដោយមិនជាប់ពន្ធនោះឡើយ។

បើតាមលោក សុខ សុភ័ក្ត្រ ក្នុងមុខទំនិញរបស់កម្ពុជាប្រមាណ ៣៤០មុខ មានប្រមាណ ៩៥ភាគរយ នឹងលែងជាប់ពន្ធក្រោយកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា។ ដោយឡែកមុខទំនិញប្រមាណជា ៥ភាគរយទៀត នឹងត្រូវលែងជាប់ពន្ធដែរក្នុងរយៈពេល១០ឆ្នាំខាងមុខ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច បានមើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន វាជាពរជ័យមួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែផ្តល់កាលានុវត្តន៍ភាពលើវិស័យពាណិជ្ជកម្មតែប៉ុណ្ណោះទេ។ តែវាក៏ជាកាលានុវត្តន៍ភាពលើការវិនិយោគ កសិកម្ម និងទេសចរណ៍របស់កម្ពុជាផងដែរ។

លោក គី សេរីវឌ្ឍន៍ បានមើលឃើញថា ការធ្វើពាណិជ្ជកម្មសេរីជាមួយចិន គឺជាភាពវ័យឆ្លាតមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតប៉ូលពាណិជ្ជកម្មថ្មីមួយទៀត បន្ទាប់ពីប៉ូលពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ ហើយនេះក៏ជាការជួយឱ្យកម្ពុជា អាចគេចចេញពីគំនាបសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចលោកខាងលិចផងដែរ។

អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ដូច្នេះ «វាជាសក្តានុពលមួយសម្រាប់យើង។ ពេលយើងចុះពាណិជ្ជកម្មសេរីជាមួយចិនយើងនឹងមានកំណើនសេដ្ឋកិច្ចបន្តទៅមុខទៀត។ វា គឺជាឱកាសសម្រាប់កម្ពុជា»។

សម្រាប់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកស្រាវជ្រាវលើបញ្ហាពាណិជ្ជកម្មរវាងកម្ពុជា និងចិនមួយរូបដែរនោះ ក៏បានសាទរផងដែរ ចំពោះការសម្រេចបាននូវនយោបាយថ្មីក្នុងការធ្វើពាណិជ្ជកម្មជាមួយចិននេះ។ តែលោកនៅតែបារម្ភពីការត្រៀមខ្លួនមិនបានរួចរាល់របស់កម្ពុជា ធ្វើឱ្យការផលិតមិនបានខ្លាំង ហើយនាំឱ្យកម្ពុជាទទួលបានប្រយោជន៍តិចតួចពីពាណិជ្ជកម្មសេរីនេះ។

លោក សុខ ទូច បានលើកឡើងថា ក្រសួងពាក់ព័ន្ធមួយចំនួនត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញការផលិតរបស់កម្ពុជាឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ បើតាមលោក សុខ ទូច ក្រសួងពាក់ព័ន្ធដែលត្រូវពង្រឹងការងារ ដើម្បីបង្កើនការផលិតនេះរួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក សុខ ទូច ក៏បានលើកពីបញ្ហាប្រឈមមួយចំនួនទៀត ដែលនាំឱ្យកម្ពុជាពិបាកពីការទាញយកប្រយោជន៍ពីពាណិជ្ជកម្មសេរីនេះផងដែរ។ បញ្ហាប្រឈមនោះមានដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, មូលដ្ឋានផលិតកម្ម និងថ្លៃដើមដឹកជញ្ជូនខ្ពស់ជាងប្រទេសជិតខាង, កង្វះធនធានមនុស្សក្នុងឧស្សាហកម្មធុនធ្ងន់ និងមធ្យម និងកង្វះបច្ចេកវិទ្យាទំនើប។

លោក សុខ ទូច ក៏បានផ្តល់ដំបូន្មានឱ្យមានការប្រុងប្រយ័ត្នផងដែរ ចំពោះទំនិញប្រទេសជិតខាងបិទផ្លាកផលិតនៅកម្ពុជា ហើយនាំចេញទៅប្រទេសចិន។ បើតាមលោក សុខ ទូច ការធ្វើបែបនេះនឹងនាំឱ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរណាស់។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ប្រមាណ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលពីចិនមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង២៦%។

លោក សុខ សុភ័ក្ដ្រ បានថ្លែងថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន ការនាំទំនិញចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន នឹងកើនឡើងប្រមាណ ២៥ភាគរយបន្ថែមទៀត។

លោក សុខ សុភ័ក្ត្រ បានគូសបញ្ជាក់ថា ឯកសារកិច្ចព្រមព្រៀងនេះ កម្ពុជាមានឧត្តមភាពច្រើនជាងចិន ហើយកម្ពុជាមានលទ្ធភាពនាំចេញផលិតផលរាប់រយមុខ ដែលសុទ្ធតែមានលទ្ធភាពផលិត ហើយនាំចេញបាន។ ប៉ុន្តែមានឧបសគ្គមួយចំនួន ដូចជាថ្លៃដើមផលិត ការដឹកជញ្ជូន គោលនយោបាយពន្ធដារ និងការវិនិយោគជាដើម៕

ប្រភព៖ Fresh News

Related posts

Leave a Comment