កក្រើកឡើងវិញ! ភាពអសន្តិសុខនិងករណីប្លន់នៅស្រុកបាទី ទំនងចង់ផ្គើនសមត្ថភាពលោកអធិការ ទើបមកកាន់តំណែងថ្មី ហើយមើលទៅ…

តាកែវ៖មួយរយៈពេលនេះ ហាក់ដូចជាកក្រើកឡើងវិញ នូវករណីចោរកម្ម គប់កញ្ចក់រថយន្ត និង ធាក់ប្លន់យកទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋ យ៉ាងគឃ្លើន នៅស្រុកបាទី ខេត្តតាកែវ ធ្វើអោយប្រជាពលរដ្ឋ សម្តែងការភ័យខ្លាចជាខ្លាំង ដែលទំនងជាចង់ផ្គើនសមត្ថភាពលោកអធិការ ទើបមកកាន់តំណែងថ្មី ហើយមើលទៅ ។

តាមប្រភពព័ត៌មាន បានអោយដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មានករណីជនសង្ស័យនិងបក្ខពួកជិះម៉ូតូធ្វើសកម្មភាពធាក់ម៉ូតូនារីវ័យចំណាស់ម្នាក់ ដែលកំពុងឈប់នៅមុខផ្ទះប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើន រួចជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព ។ ជនរងគ្រោះមានឈ្មោះ ផឹង រ៉ន ភេទស្រី អាយុ៦២ឆ្នាំ មុខរបរកសិករ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូពីផ្សារសំរោងយោង ត្រឡប់មកផ្ទះ ។ ពេលមកដល់ផ្ទះ បានឈប់ម៉ូតូមុខផ្ទះមាត់ទ្វាររបងដើម្បីចាក់សោរចូលផ្ទះ ។ ភ្លាមនោះ ស្រាប់តែជនសង្សយ័ដែលជិះម៉ូតូតាមពីក្រោយ បានឈប់ម៉ូតូ រួចសួរជនរងគ្រោះថា មីងស្គាល់ផ្ទះឈ្មោះ ធូន នៅណាទេ ? ហើយក៏ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះផ្តួលរួចទាញកាបូបស្ពាយរបស់ជនរងគ្រោះ ដែលដាក់ពាក់ដៃម៉ូតូ រួចជិះម៉ូតូគេចខ្លួន មកឡើងលើផ្លូវលំភូមិបឹងលាច សំដៅមកទិសខាងត្បូងបាត់ស្រមោលតែម្តង ។ សម្ភារៈជនរងគ្រោះ ដែលក្រុមជនសង្ស័យ បានយកទៅនោះ មានគ្រឿងអលង្ការ និង លុយមួយចំនួនធំ។

ជុំវិញបញ្ហា នេះ CPC NEWS បានទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី តាម Telegram ផ្ទាល់ខ្លួន តែលោកអធិការបែរជាអោយលោក វរសេនីយ៍ទោ ឃុត ឡូ អធិការរងទទួលផែនព្រហ្មទណ្ឌ ឆ្លើយតបជំនួសមកវិញថា ករណីនេះ លោកបានទទួលហើយកាលពីល្ងាចមិញ បន្ទាប់ពីលោកមេប៉ុស្តិ៍ឃុំចំបក់ បានរាយការណ៍ប្រាប់ ។

លោក បន្តថា ករណី នេះ មិនមែនធាក់យកទេ គឺ ករណីឈប់បន្លំយក ពេលជនរងគ្រោះឈប់ម៉ូតូបម្រុងចូលផ្ទះ រួចជនសង្ស័យឈប់ម៉ូតូដណ្តើមយកតែម្តង ហើយលោកអធិការ ក៏បានបញ្ជាអោយស្រាវជ្រាវរកមុខជនសង្ស័យផងដែរ ។

ជាការកត់សម្គាល់ នៅលើផ្លូវជាតិលេខ២ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាពេលថ្មីៗនេះ ទើបមានករណីក្រុមក្មេងទំនើងគប់កញ្ចក់រថយន្តពីពលរដ្ឋធ្វើដំណើរ យ៉ាងអនាធិបតេយ្យ ដោយ មិនទាន់បានចាប់ខ្លួននៅឡើយទេ ៕

Related posts

Leave a Comment