ហេតុអ្វីស្រុកផ្សេងធ្វើមិនបាន! អភិបាលស្រុកវ័យក្មេង លោក ឃឹម ហ្វីណង់ ប្រកាសត្រៀមដោះស្រាយបញ្ហាដីធ្លីនៅ សេសសល់ទ្រង់ទ្រាយធំក្នុងស្រុកបន្ទាយស្រី…

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ត្រូវបានប្រជាពលរដ្ឋនាំគ្នាកោតសរសើរមិនដាច់ពីមាត់ អំពីសមត្ថភាពក្នុងការដឹកនាំនៅក្នុងស្រុកបន្ទាយស្រី។ ហើយនាពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ត្រៀមលក្ខណៈសម្បត្តិដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ទ្រង់ទ្រាយធំនៅក្នុងស្រុកបន្ទាយស្រី ដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃជាច្រើន ដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ”។

លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា៖ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើសិក្សាពីលទ្ធភាពកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋ រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រុងប្រៀបប្រមូលនិងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់អោយបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូចនិងសកម្មជនដីធ្លីមួយចំនួន យកលេសនេះមកទាមទារចំណែកអោយអាជ្ញាធរដោះស្រាយជូនដែរ។

បញ្ហាដែលរដ្ឋបាលស្រុកត្រូវតែគ្រប់គ្រងអោយបានក្នុងពេលនេះគឺ៖
– កំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ រឺគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាតទីដីរដ្ឋ រួចទាមទារអោយអាជ្ញាធរទទួលស្គាល់
– ទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ រឺសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកហើយ

សកម្មភាពទាំងនេះ ទាំងចាស់ថ្មី នឹងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យរំលោភច្បាប់ ដែលរដ្ឋបាលស្រុកនឹងបន្តប្រកាន់ជំហររឹងម៊ាំម៉ឺងមាត់បំផុត ព្រមទាំងនឹងមានចំណាត់ការខាងផ្លូវច្បាប់យ៉ាងតឹងរឹងសម្រាប់ជនល្មើសទាំងនោះផងដែរ។ ដើម្បីជាការត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក៏ដូចជាអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបានតម្រូវអោយមេភូមិមេឃុំទាំងអស់នៅក្នុងស្រុកបន្ទាយស្រីរួសរាន់សហការជាមួយតំណាងរដ្ឋបាលព្រៃឈើនិងតំណាងក្រសួងបរិស្ថានចុះស្រង់ទិន្នន័យនៃប្រជាពលរដ្ឋដែលអាចនឹងត្រូវបានកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រាជរដ្ឋាភិបាល ដោយផ្តល់អាទិភាពចម្បងទៅលើលក្ខណៈវិនិច្ឆ័យចំនួន៤មុនគេរួមមាន៖
– ការកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ
– ដីដែលមិនមានទំនាស់
– ដីដែលមានឯកសារបញ្ជាក់ពីរយៈពេលកាន់កាប់ និងអត្តសញ្ញាណច្បាស់លាស់
– ការកាន់កាប់អាស្រ័យផលលើដីទំហំតូចៗជាលក្ខណៈគ្រួសារ​៕

Related posts

Leave a Comment