នៅមុននេះបន្តិចយោងតាមហ្វេសប៊ុកផេករបស់ លេខាធិការដ្ឋានគណៈសង្ឃនាយក បានរៀបរាប់ថា៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្ដាយឥតឧបមាយ៉ាងក្រៃលែងជាទីបំផុត និងសូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព លោកគ្រូព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ បណ្ឌិត ទេព ផុន មរតកមនុស្សរស់ ដែលបានទទួលមរណភាព នូវថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣:២០នាទីរសៀល ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
សពលោកគ្រូព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ បណ្ឌិត កំពុងតម្កល់ធ្វើបុណ្យតាមពុទ្ធបវេណី នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៚
សូមបដិសន្ធិវិញ្ញាណលោកគ្រូព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ បណ្ឌិត បានអញ្ជើញទៅកាន់ទីឋានបរមសុខជាភីយ្យោភាព ៚
ថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០
សូមបញ្ជាក់ថាៈ លោកព្រឹទ្ធាចារ្យ ទេព ផុន គោរមងារជាវិជ្ជាធម្មគរុ។ ព្រឹទ្ធាចារ្យជាគ្រូបង្រៀនច្រើនជំនាន់ ព្រមទាំងបានចូលបម្រើការងារក្នុងសារមន្ទីរជាតិ ក្នុងការថែរក្សារូបសំណាកឈើអស់ជាច្រើនឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ។
ព្រឹទ្ធាចាមានចំណេះដឹងខាងព្រះពុទ្ធសាសនា រួមមានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា ដោយអាចបំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ព្រះពុទ្ធឱវាទឱ្យដល់សប្បុរសជនទូទៅ។ ជាពិសេចំពោះសមណសិស្សដែលរៀនសូត្រក្នុងថ្នាក់ ព្រះត្រៃបិដកទាំង៣ គឺជាប្រភពនៃទ្រឹស្ដី ក្នុងព្រះពុទ្ធសាសនា។
ព្រឹទ្ធាចារ្យបានរៀបរៀងផ្ទាល់ដៃនូវសៀវភៅ ព្រះពុទ្ធឱវាទសង្ខេប៣យ៉ាង សៀវភៅប្រវត្តិពុទ្ធសាសនាសង្ខេប សៀវភៅឯកសារពុទ្ធសាសនាសង្ខេប និងសៀវភៅពុទ្ធប្បវត្តិសង្ខេប (សម្រាប់គរុកោសល្យ) ព្រមទាំងមានសៀវភៅជាច្រើនទៀត៕