ប្រិយមិត្ដប្រាកដជាស្គាល់ខ្លះៗរួចមក អំពីលោក Ngoun Xiang ដែលគាត់គឺជាម្ចាស់ហាង Salon យីហោម៉ាក Beauty Store ហើយក្នុងពេលបច្ចុប្បន្ននេះ មុខជំនួញរបស់លោក បានកំពុងតែរីកចម្រើនយ៉ាងខ្លាំង រហូតធ្វើឲ្យរូបលោក សម្រេចចិត្ដបើកសាខាបន្ថែមជាច្រើនទៀត ដើម្បីបំពេញសេវាកម្មជូនអតិថិជនរបស់លោក អោយរហ័សទាន់ចិត្ដតែម្ដង។
យ៉ាងណាមិញ កាលពីរសៀលថ្ងៃមិញនេះ ទី២២ ខែកក្កដា ឆ្នាំ២០២០ លោក Ngoun Xiang ក៏បានបង្ហោះសារមួយឃ្លា ដោយរៀបរាប់អំពីដំណើរជីវិតរបស់លោក យ៉ាងដូច្នេះថា៖”ពាក្យដែលខ្ញុំតែងតែលឺតាំងពីតូចរហូតដល់ពេលនេះនៅតែចាំមិនភ្លេច៖ អាខ្ទើយ, អាចេក, អាប៉េដេ។ ពេលធំឡេីង៖ ហែងយកប្តីក៏យកប្រពន្ធ, ថីបានមិនរៀបការ? វាធ្វេីអីមិនកេីតទេបេី ញិកញ៉ក់ចឹង, ធ្វេីការនៅណាក៏គេមិនសូវយកវាដែរ។
ពាក្យនេះនៅតែលឺខ្លះៗក្បែរត្រចៀក ហើយខ្ញុំក៏មានមោទនភាព ដែលកើតមកជាខ្ញុំ អាយុ២២ រៀនចប់ បរិញ្ញាបត្រ អាយុ២៥ ក្លាយជាម្ចាសហាងតូចមួយ (ហាងបីយូធីស្ទរ) រយៈពេលត្រឹមតែ ៧ឆ្នាំ ខ្ញុំមានហាងសាឡន ១៤សាខា ម៉ាក់ប៉ាចង់បានអី គឺកូនម្នាក់នេះបំពេញជូនគ្រប់យ៉ាង ហេីយខ្ញុំត្រូវបានសារព័ត៍មានចុះពីខ្ញុំ ជាហូរហែទាំងពិតនិងមិនពិតទៅក្រៅប្រទេស មានហ្វ្រេនសុំថតរូប (អូយអៀន) ចំណេះដឹង លុយ ផ្ទះ ឡាន ពេជ្រ ជំនាញ ខ្ញុំមានទាំងអស់ ហេីយ full options ទៀត ថាខ្ញុំលេីកតម្កើនខ្លួនឯងក៏ថាចុះ ព្រោះអ្វីដែលនិយាយគឺជាការពិត ហេីយខ្ញុំនិយាយអោយអ្នកដែលរេីសអេីងភេទបានដឹង ចុះអ្នកវិញ?
កើតមកជាប្រុស ជាស្រីពេញលក្ខណៈ ហើយចំណាយពេលពេញមួយជីវិតគិតតែពីរឿង អ្នកដទៃ ចុងក្រោយសល់អីទេ? បើកើតមកជាស្រី ជាប្រុសពិត តែអន់ជាខ្ទើយ ខ្ញុំសុំកើតជាខ្ទើយប្រសើរជាង។ ម៉ាក់ខ្ញុំប្រាប់ថាទោះកូនជាភេទអ្វីមិនសំខាន់អ្វីដែលសំខាន់កូន គឺជាមនុស្សល្អហេីយជាកូនដែលស្តាប់បង្គាប់ ធ្វើមិចបេីធម្មជាតិបង្កើតគ្នាមកអញ្ចឹង ស្រលាញ់អត់ចុះ”?