ប្រសើរណាស់! អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពីគម្រោងសាងសង់ផ្លូវឡើងទៅរម្មណីយដ្ឋាន «ភ្នំខ្នងផ្សារ»…(មានវីដេអូ)

(ភ្នំពេញ)៖ រម្មណីយដ្ឋាន «ភ្នំខ្នងផ្សារ» បាននិងកំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ពិសេសអ្នកដែលចូលចិត្តការដើរព្រៃ ដើម្បីទស្សនាទេសចរណ៍ដ៏ស្រស់ត្រកាល នៃសម្រស់ធម្មជាតិ។ ភ្នំខ្នងផ្សារ ជាតំបន់ «ឋានសួគ៌ធម្មជាតិមួយ» កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពុង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ទម្រាំបានទៅដល់កន្លែងដែលភ្ញៀវទេសចរប្រាថ្នា គឺនៅលើភ្នំខ្នងផ្សារនោះ ពួកគាត់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន និងប្រើប្រាស់ពេលប្រហែល៤ ទៅ៥ម៉ោង។ ស្ថានភាពផ្លូវលំបាក បានក្លាយជាឧបសគ្គមួយសម្រាប់ភ្ញៀវទេសចរទាំងអស់នោះ ដោយតម្រូវឲ្យពួកគាត់ដើរដោយថ្មើរជើង។ បើទោះបីលំបាកបន្ដិចមែន ប៉ុន្ដែពួកគាត់នៅតែជម្នះឡើងទៅ ដើម្បីបានស្រូបយកខ្យល់បរិសុទ្ធនៅលើភ្នំ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលស្គាល់នូវអ្វីដែលជាការលំបាករបស់ភ្ញៀវទេសចរ ដែលចង់ទៅស្រស់ស្រូបយកទស្សនីយភាពធម្មជាតិ ដ៏ខៀវស្រងាត់ នៃរម្មណីយដ្ឋាន «ភ្នំខ្នងផ្សារ» នេះ។ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក វ៉ី សំណាង បានអះអាងថា ខេត្តកំពុងសិក្សាដើម្បីធ្វើផ្លូវមួយសមរម្យ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ។

លោក វ៉ី សំណាង បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់អាជ្ញាធរ គឺមានគំនិតក្នុងការជួយជ្រោមជ្រែង ដែលយើងកំពុងតែសិក្សាធ្វើយ៉ាងណា យើងធ្វើផ្លូវទៅកាន់ទីនោះ (ភ្នំខ្នងផ្សារ) ល្អប្រសើរ»។

ក្រៅពីគិតគូរដល់បញ្ហាផ្លូវសម្រាប់ធ្វើដំណើរឡើងទៅនោះ អភិបាលខេត្តកំពង់ស្ពឺ ក៏ប្រាប់អំពីផែនការធ្វើបន្ទប់ទឹក ឬបង្គន់អនាម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចប្រើប្រាស់ផងដែរ។ ពោលរហូតមកដល់ពេលនេះ រម្មណីយដ្ឋាន «ភ្នំខ្នងផ្សារ» មិនទាន់មានបន្ទប់ទឹក ឬបង្គន់អនាម័យនៅឡើយទេ ដែលនេះក៏ជាកង្វល់មួយសម្រាប់ភ្ញៀវទេសចរ ដែលទៅបោះតងសម្រាកនៅលើនោះផងដែរ។

បន្ថែមពីនេះ លោក វ៉ី សំណាង បានធ្វើការប្ដេជ្ញាចិត្តផងដែរ នឹងធ្វើឲ្យរម្មណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ ទៅជាកន្លែងដែលស្រស់ស្អាតដដែល ហើយប្រកបដោយអនាម័យ តាមរយៈនៃការធ្វើបន្ទប់ទឹកអនាម័យ។ លោកអភិបាលខេត្ត ក៏សូមអំពាវនាវដល់ភ្ញៀវទេសចរ ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ។

អភិបាលខេត្តកំពង់ស្ពឺរូបនេះ ក៏បានប្រាប់អំពីប្រវត្តិខ្លះទាក់ទងនឹង «ភ្នំខ្នងផ្សារ» ដែលតំបន់នេះមិនមែនទើបតែកើតនាពេលបច្ចុប្បន្នទេ ពោលតំបន់នេះ មានរាប់រយឆ្នាំមកហើយ។ តាមអ្វីដែលលោកធ្លាប់ស្រាវជ្រាវ គេបង្ហាញថា តំបន់នេះអតីតជាតំបន់ទឹកសមុទ្រ ខណៈទេសភាពដែលពណ៌ខៀវស្រងាត់នោះ គឺជាសំពៅ ហើយទួលមួយកន្លែងទៀត គឺជាស្រូវ លុះកកយូរៗបានក្លាយជាភ្នំតែម្ដង ដែលរំលេចដោយទេសភាពដ៏ស្រស់ត្រកាល៕

Related posts

Leave a Comment