ដល់កហើយ! អ្នក​មាន​ជីវភាពសមរម្យ បន្លំខ្លួន​ជាជនក្រីក្រជាង ៣ពាន់គ្រួសារត្រូវបានដកហូតបណ្ណសមធម៌មក​វិញ…

ភ្នំពេញ៖លោកស្រី ដា អ្នកនាំពាក្យក្រសួងផែនការបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤កក្កដាកន្លងមកនេះថា គិតចាប់ពីខែឧសភារហូតមកដល់ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងបានធ្វើការដកហូត និងទប់ស្កាត់ មិនអោយបណ្ណសមធម៌ដល់ដៃគ្រួសារដែលមានជីវភាពប្រសើរឡើងចំនួន៣២៣៤គ្រួសារក្នុងចំណោមគ្រួសារក្រីក្រជាង៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស។

លោកបានបន្តថា ដើម្បីធានាបាននូវគុណភាពទិន្នន័យ និងតម្លាភាពជូនគ្រួសារក្រីក្រ សម្រាប់ទទួលបានសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងបានណែនាំដល់ប្រធានមន្ទីរផែនការគ្រប់រាជធានីខេត្តទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានពិសេសឃុំសង្កាត់ដើម្បីណែនាំដល់គ្រួសារក្រីក្រ ដែលកំពុងប្រើបណ្ណសមធម៌ហួសសុពលភាព និងពិនិត្យការកំណត់អត្តសញ្ញាណកម្មនៃគ្រួសារក្រីក្រ ដែលពុំទាន់មានបណ្ណសមធម៌ព្រមទាំងដកហូតបណ្ណសមធម៌ ពីគ្រួសារ ដែលមានជីវភាពល្អប្រសើរវិញក៏ដូចជាដោះស្រាយភាពមិនប្រក្រតី រួមទាំងការតវ៉ានានាដែរនៅក្នុងអំឡុងពេលកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីឧបត្ថម្ភប្រាក់ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ហើយរហូតមកដល់ពេលនេះក្រសួងផែនការបានរកឃើញនូវបញ្ហាមួយចំនួនរួមមាន គ្រួសារមួយចំនួន មានបណ្ណសមធម៌ឬបណ្ណក្រីក្រ ខណៈគ្រួសារទាំងនោះ មានជីវភាពល្អប្រសើរ, គ្រួសារមួយចំនួន កាន់បណ្ណក្រីក្រហួសសុពលភាព, គ្រួសារមួយចំនួន ពុំទាន់មានបណ្ណសមធម៌, និងគ្រួសារមួយចំនួន ចាប់ផ្តើមបំបែកសមាជិក ដើម្បីឲ្យគ្រួសារថ្មី បានបណ្ណសមធម៌ដែរ។

លោកស្រីដា បានបន្តទៀតថាការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅដំណាក់កាលទី១ នេះគឺមាន២ជុំដែលជុំទី១ ចាប់ពីថ្ងៃទី២៤ ខែមិថុនានិងជុំទី២ចាប់ពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២០ដោយមានគ្រួសារលើកទី១មានជាង៥៦ម៉ឺនគ្រួសារនិងជុំទី២មានគ្រួសារចំនួន២៤ ៩១៥គ្រួសារស្មើនឹងប្រជាជនចំនួន៩៨,០៤៣នាក់ដែលនឹងចាប់ផ្តើមបើកនៅថ្ងៃទី២៥ ខែកក្កដា រួមនឹងគ្រួសារជាង៥៦ម៉ឺននៅជុំទី១។ ប្រភពអត្ថបទ៖ kampucheathmey

Related posts

Leave a Comment