គាំទ្រ! អាជ្ញាធរមណ្ឌលគីរី ដកហូតដីព្រៃ ជិត២ពាន់ហិចតា បន្ទាប់ពីពលរដ្ឋកាន់កាប់ដោយខុសច្បាប់…

ភ្នំពេញ ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នាពេលកន្លងមក អាជ្ញាធរខេត្តមណ្ឌលគីរី បានដកហូតដីព្រៃជិត២ពាន់ហិចតា បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន កាន់កាប់ដោយខុសច្បាប់។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដមណ្ឌលគីរី» នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ស្វាយ សំអ៊ាង បានថ្លែងថា ពាក់ព័ន្ធបញ្ហាដីធ្លីនៅខេត្តមណ្ឌលគីរី ប្រសិនបើមានការចាប់រំលោភបំពានណាមួយដោយខុសច្បាប់ ទៅលើ ដីព្រៃ និងដីរដ្ឋ ខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយនាពេលកន្លងមកខេត្តក៏បាន ណែនាំប្រជាពលរដ្ឋ ចំពោះការកាន់កាប់ដីព្រៃដោយខុសច្បាប់។

លោកមានប្រសាសន៍ថា «ក្នុងនាមអាជ្ញាខេត្ត រដ្ឋបាលខេត្តទាំងមូល មានភារកិច្ចការពារដីព្រៃ ដែនដីតំបន់ដើម្បីការពារទុក និងអភិរក្សធនធានធម្មជាតិរបស់យើង។ចឹងរាល់ការចាប់រំលោភបំពាន ខុសច្បាប់យើងត្រូវចាត់ការ ហើយមកដល់ពេលនេះអាជ្ញាធរខេត្តក៏បាន ដកហូត ឬក៏លុបចោល នៅការកាន់កាប់ដ៏ខុសច្បាប់មួយចំនួន ដែលយើងដកហូត ប្រមាណជិត២ពាន់ហិចតា»។

លោកបន្ថែមថា រដ្ឋបាលខេត្តដកហូតដីជិត២ពាន់ហិចតា គឺជាដីខុសច្បាប់ទូទៅ មិនមែនជាបុគ្គលណាមួយឡើយ។លោកថាប្រជាពលរដ្ឋកាន់កាប់ដីត្រូវតែមានច្បាប់ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ហើយអ្វីដែលកាន់កាប់ដីខុសច្បាប់ក៏ជាវិធានការ។

សូមរំលឹកថា ក្នុងពិធីប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅ ខេត្តមណ្ឌលគិរី កំពុងមានទំនាស់រឿងដីធ្លី ដែលភាគច្រើន សុទ្ធតែពាក់ព័ន្ធជាមួយ អ្នកមានបុណ្យស័ក្តធំៗ កំពុងប្រជែងគ្នា ទៅចាប់យកដីនៅទីនោះ ។ តែបញ្ហានេះ សម្តេចថា សម្តេចជាអ្នករងកម្ម ក្នុងការដោះស្រាយទៅវិញ។

សម្តេចក៏បានលើកឡើងថា សម្តេចគ្មានដីសូម្បីតែមួយតឹក ឬកន្លះតឹក នៅខេត្តមណ្ឌលគិរី។ តែបច្ចុប្បមានអ្នកធំៗបានប្រជែងគ្នាទៅចាប់ដីនៅទីនោះ៕

Related posts

Leave a Comment