តាកែវ៖ក្រុមមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប (កាំកុងត្រូល) បាននាំយករថយន្តពិសោធន៍ចល័ត សហការជាមួយមន្រ្តី ក.ប.ប ខេត្តតាកែវ ចុះត្រួតពិនិត្យនៅតាមបណ្ដាស្ថានីយ៍ និងដេប៉ូប្រេងសាំង មួយចំនួននៅខេត្ត ដោយបានរកឃើញស្ថានីយ៍ និងដេប៉ូប្រេងសាំងចំនួន៥ ទីតាំង ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្រ្តស្រុកបាទី ដោយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់ ដោយដាក់លក់មិនស្មោះត្រង់ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២០ នេះ លោក ប៉ោ លាងគង់ ប្រធានសាខា កាំកុងត្រូលខេត្តតាកែវ ថ្លែងថា ការប្រើវិធានការក្តៅទៅលើម្ចាស់ស្ថានីយ៍ និង ម្ចាស់ដេប៉ូប្រេងឥន្ទនៈទៅកាន់តុលាការនេះ គឺដោយសារតែពួកគាត់បានដាក់លក់ខុសបរិមាណ និងគ្មានគុណភាព ក្នុងចំណោមស្ថានីយ៍និងដេប៉ូប្រេងសាំងចំនួន៨ ដោយបរិមាណនេះ គឺគាត់លក់មិនគ្រប់ចំនួនលីត្រ ហើយគុណភាពនេះគឺដាក់លក់ប្រេងសាំងធម្មតាថាជាសាំងស៊ុបព៊ែរ ដូច្នោះវាមិនអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាពទំនិញ និងសេវា ។
លោក ប៉ោ លាងគង់ បន្ថែមទៀតថា ចំពោះម្ចាស់ស្ថានីយ៍និងម្ចាស់ដេប៉ូប្រេងឥន្ទនៈ៥ទីតាំងនេះ គឺយើងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនេះ ព្រោះមន្រ្តីជំនាញទើបតែចុះពិនិត្យម្តងតែប៉ុណ្ណោះ ដូច្នោះគ្រាន់តែបញ្ជូនទៅតុលារការដើម្បីពិន័យ ប៉ុន្តែប្រសិនបើយើងពិនិត្យលើកក្រោយទៀត ឃើញនៅដដែលមិនរាង នោះយើងនឹងស្នើសុំទៅកាន់ អមអយ្យការសាលាដំបូងខេត្តតាកែវ ដើម្បីសុំបិទទីតាំងនោះចោលតែម្តង ពោល គឺមិនអនុញ្ញាតឲ្យប្រកបអាជីវកម្មតទៅទៀតឡើយ។
ជាមួយគ្នានេះដែរ លោកប្រធានសាខា ប៉ោ លាងគង់ ក៏បានធ្វើការអំពាវនាវទៅដល់ម្ចាស់ ស្ថានីយ៍ក៏ដូចជាម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំងអស់ សូមប្រកបអាជីវកម្មប្រេងសាំងនេះដោយស្មើភាព និងស្មោះត្រង់ ដោយឈរលើគោលការណ៍ច្បាប់ជាធរមាន ពិសេសនោះ គឺដាក់លក់ប្រេងសាំងរបស់ខ្លួន ឲ្យបានត្រឹមត្រូវទាំងគុណភាព និងបរិមាណ សូមកុំបន្លំ ឬកៃបំបាត់បរិមាណប្រេងសាំងតទៅទៀត មានគុណភាពល្អ ដើម្បីបំរើសេដ្ឋកិច្ច សាធារណៈ និងផ្ដល់ជំនឿទុកចិត្តពីសំណាក់អ្នកប្រើប្រាស់៕