ត្រៀមខ្លួនបងប្អូនយើង ! ២ថ្ងៃទៀត ភាគីថៃនឹងបើកឱ្យដំណើរការឡើងវិញនូវច្រកទ្វារអន្ដរជាតិមួយនេះ

ខេត្តបាត់ដំបង៖ យោងតាមលិខិតជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តស្រះកែវប្រទេសថៃលេខ១៧៤៤/២៥៦៣ ស្តីពីការបន្ធូរបន្ថយការប្រើប្រាស់ច្រកទ្វារចូលព្រះរាជាណាចក្រថៃ ឡើងវិញដើម្បីដឹកជញ្ជូនទំនិញនៅច្រកទ្វារអន្តរជាតិ​(ខៅឌីនឃុំខ្លងហាត)ស្រុកខ្លងហាត បានឲ្យដឹងថា ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី) ឋិតក្នុងស្រុកសំពៅលូនរវាងព្រំប្រទល់ខេត្តស្រះកែវ ភាគីថៃនិងខេត្តបាត់ដំបង ភាគីកម្ពុជាខាងភាគីថៃត្រៀម នឹងបើកអោយដំណើរការឡើងវិញ ក្នុងពេលឆាប់ៗខាងមុខ។

តាមការបញ្ជាក់របស់លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបងបានឱ្យ​ដឹងដែរថា ភាគីថៃត្រៀមនឹងបើកឱ្យដំណើរការចាប់ពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នេះតទៅឱ្យ​មានការដឹកជញ្ជូនចេញចូលនូវទំនិញរវាងខេត្តទាំង២ចាប់ពីម៉ោង០៦:០០ព្រឹករហូតដលម៉ោង​១៨:០០នាទី(០៦ល្ងាច)ជាធម្មតាវិញ។

យ៉ាងណាមិញខ្លឹមសារលំអិតនៅក្នុងលិខិតជូនដំណឹងរបស់ភាគីថៃបានបញ្ជាក់ថា អនុញ្ញាតអោយឆ្លងកាត់តែរថយន្តដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ ដោយឱ្យមានអ្នកគ្រប់គ្រងរថយន្ត និងអ្នកនៅប្រចាំក្នុងរថយន្តដឹកជញ្ជូនទំនិញមិនឲ្យលើស២នាក់ចាប់ពីម៉ោង០៦:០០នាទីដល់ម៉ោង១៨:០០នាទីជារៀងរាល់ថ្ងៃដោយត្រូវអនុវត្តតាមវិធានការនៃការការពាររោគឆ្លងកូវីដ១៩។ ហើយគ្រប់កម្លាំងសមត្ថកិច្ចប្រចាំការមាត់ច្រកទ្វារ ដែលទទួលខុសត្រូវក្នុងតំបន់គ្រប់គ្រងការធ្វើដំណើរចូលឬចេញរបស់បុគ្គល និងរថយន្តត្រូវអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវបំផុតដើម្បីទប់ស្ងាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩សាជាថ្មីម្តងទៀតក្រោយពីត្រូវបានបិទច្រកទ្វារនាពេលកន្លងទៅ។

គួរជម្រាបថា ទាក់ទិនពីការបើកច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)ឲ្យដំណើរការចេញចូលនូវរថយន្តដឹកជញ្ជូនទំនិញនៅច្រកទ្វារខាងលើចាប់ ពីថ្ងៃទី១៥ខែកក្កដាខាងមុខនេះ។ លោក ឃឹម ទិព្វមុនី ប្រធានច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣)ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង បានលើកឡើងថា កន្លងមកខាងកម្ពុជាមិនបានធ្វើការបិទច្រកទ្វារឡើយហើយការបិទកន្លងមកនេះ​គឺខាងភាគីថៃជាអ្នកបិទឯកតោភាគីរបស់ខ្លួន ខណះខាងកម្ពុជាមិនបានស្នើសុំបិទច្រកទ្វារនេះទេ ៕

Related posts

Leave a Comment