រំភើបណាស់! ជប៉ុន បន្តផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងការបោសសម្អាត មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅកម្ពុជា

រាជធានីភ្នំពេញ÷ លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ជប៉ុន សម្រាប់ការគាំទ្រ និងចូលរួមចំណែកនៅក្នុងវិស័យបោសសម្អាតមីននៅកម្ពុជាទាំងថវិកាសម្ភារ និងបច្ចេកទេស ។

លោកទូតជប៉ុនបានលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ លោកលី ធុជ អនុប្រធានទី១អាជ្ញាធរមីន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលចំថ្ងៃខួបកំណើតរបស់លោក ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ។

ក្នុងឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានសម្តែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈលោក Mikami Masahiro សម្រាប់ការចូលរួមចំណែក និងការគាំទ្រដល់ការងារ អភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះក៏មានការចូលរួមក្នុងវិស័យបោសសម្អាតមីនផងដែរ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាប្រពៃណី និងយូរអង្វែង។ លោកថា កម្ពុជា និងជប៉ុន រួមទាំងប្រទេសជាមិត្តដទៃទៀត នឹងសម្លឹងរួមគ្នាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីសម្រេចបំណងឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥៕

Related posts

Leave a Comment