អភិបាល​ខេត្ត​បន្ទាយមានជ័យ​ អត់​ស្ដាប់​ អនុសាសន៍​ណែនាំ​របស់​សម្ដេច! មន្ត្រីថ្នាក់ក្រោម ស្នើអោយថ្នាក់លើជួយស៊ើបអង្កេត បញ្ហាអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំតែងតាំង ប៉េអឹមខេត្តសៀមរាប មកធ្វើជាអភិបាលស្រុកម៉ាឡៃ…(មានវីដេអូ)

បន្ទាយមានជ័យ៖នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ មានការបែកធ្លាយឯកសារជាច្រើន ដែលបង្ហាញពីសកម្មភាពរបស់លោក អ៊ុំ រាត្រី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហាក់ផ្គើននឹងអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយស្នើសុំតែងតាំងមន្រ្តីពីកន្លែងផ្សេងដែលមានក្របខ័ណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប មកធ្វើជាអភិបាលស្រុកម៉ាឡៃ ទៅវិញ ។

បញ្ហាទាំងនេះ មន្ត្រីថ្នាក់ក្រោម មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ដោយស្នើសុំថ្នាក់ដឹកនាំកំពូល គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយស៊ើបអង្កេតករណីនេះផង ។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើសុំតែងតាំងលោក សាម សុជាង ជាអភិបាលស្រុកម៉ាឡៃ ជំនួសលោក អែម សុខា ដែលត្រូវបញ្ចប់២អាណត្តិ ប៉ុន្មានខែខាងមុខនេះ ។

លោក សាម សុជាង សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ហើយមានក្របខ័ណ្ឌជាអនុសេនីយ៍ឯក កងរាជអាវុធហត្ថខេត្តសៀមរាប បានផ្លាស់ប្ដូរក្របខ័ណ្ឌ និង ដំឡើងឋានន្តរសក្តិ ទៅជាវរសេនីយ៍ត្រី នៃក្របខ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្លាស់ប្ដូរទៅជាមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ រួចស្នើតែងតាំងជាអភិបាលស្រុកម៉ាឡៃ តែម្ដង។

មជ្ឈដ្ឋានជាច្រើន មើលឃើញថា ទាំងនេះមានន័យថាមន្ត្រីបម្រើការនៅទាំង៩ក្រុង-ស្រុក និង សាលាខេត្តបន្ទាយមានជ័យ ហាក់បីដូចជាមិនមានសមត្ថភាព និងឧបនិស័្សយគ្រប់គ្រាន់សម្រាប់ធ្វើការតែងតាំងជាអភិបាលស្រុកម៉ាឡៃ ដែលជាម្ចាស់ក្នុងមូលដ្ឋានរបស់ខ្លួនទេឬ ? បានជាយកមនុស្សនៅក្រៅខេត្ត និង ជាក្របខ័ណ្ឌកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ ដែលគ្មានបទពិសោធន៍ក្នុងកិច្ចការរដ្ឋបាលទាល់តែសោះ មកស្នើសុំតែងតាំងជាអភិបាលស្រុកម៉ាឡៃ ទៅវិញ ។

ទោះបីយ៉ាងណា បញ្ហានេះ សង្ឃឹមថា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងមានការបកស្រាយ ដើម្បីបំបាត់មន្ទិលសង្ស័យរបស់មហាជន ក៏ដូចជាមន្ត្រីនៅខេត្តបន្ទាយមានជ័យ ទាំងអស់ ៕

Related posts

Leave a Comment