សម្តេចក្រឡាហោម ស ខេង រកឃើញភាពមិនប្រក្រតី ចំពោះការអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះបញ្ហាជំងឺកូវីដ-១៩

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីពាក់ព័ន្ធមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួន ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

នេះបើយោងតាមលិខិតរបស់ សម្តេច ស ខេង ផ្ញើជូនអភិបាលរាជធានី-ខេត្ត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ ។

សម្តេច ស ខេង ថ្លែងថា បន្ទាប់ពីការអនុវត្តកម្មវិធីនេះ រយៈពេលខ្លីកន្លងមក ភាពមិនប្រក្រតីមួយចំនួនបានកើតមានឡើង ដូចជា ការយកកម្រៃសេវាពីប្រជាពលរដ្ឋដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ និង ការឃុបឃិតបន្លំដកយកថវិកាប្រជាពលរដ្ឋអ្នកទទួលផល ។

ដូច្នេះ ដើម្បីធានាបានប្រសិទ្ធភាព តម្លាភាព និង សុចរិតភាព ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នេះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវអនុវត្តកិច្ចការមួយចំនួន ដូចខាងក្រោម ។ (លម្អិតសូមអានលិខិតនេះ)

សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា «នឹងចាត់វិធានការក្តៅ និង មិនមានការលើកលែងឡើយចំពោះមន្ត្រីមូលដ្ឋាន ដូចជាថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ ដែលបន្លំឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រក្រីនិងងាយរងគ្រោះពិតប្រាកដ ក្នុងគោលបំណងទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩»៕

Related posts

Leave a Comment