កាលពីថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២០ កន្លងទៅ ស្ត្រីពពោះម្នាក់បានលាចាកចោលក្រុមគ្រួសារជារៀងរហូតគ្មានថ្ងៃជួប ព្រោះតែជំងឺប៉ុន្មានមុខដែលខ្លួនមិនអាចតស៊ូជម្នះបាន ដំណឹងទាំងនេះបានធ្វើឲ្យបុរសជាស្វាមី ឪពុកម្ដាយ បងប្អូន ព្រមទាំងសាច់ញាតិទាំងអស់មានក្តីសោកស្ដាយជាខ្លាំង និងទទួលយកស្ទើរពុំបាន ព្រោះវាឆាប់រហ័សពេក។
កាន់តែឈឺចាប់ជាងនេះទៅទៀតនោះ កូនទីពីរក្នុងផ្ទៃអាយុ ៥ខែ ដែលមិនទាន់ទាំងបានឃើញពន្លឺថ្ងៃផង ក៏ត្រូវលាទៅរហូតជាមួយម្ដាយដែរធ្វើឲ្យបុរសជាស្វាមី ជាឪពុក មានក្តីអាឡោះអាល័យក្រៃលែងរកអ្វីប្រៀបផ្ទឹមពុំបាន។
បុរសជាស្វាមីរូបនេះ បានសរសេរសាររំជួលចិត្តដែលមិនអាចហាស្ដីរួច បង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមានឈ្មោះ Hea Ra ទាំងទឹកភ្នែកថា៖ «ជាតិក្រោយចាំជួបគ្នាទៀត អូនហត់ហើយ អូនទៅបានសេចក្តីសុខ បងស្រឡាញ់អូនអស់មួយជីវិតរបស់បង»។
ក្រោយឃើញរឿងរ៉ាវដ៏គួរឲ្យអាណិតបែបនេះ ធ្វើឲ្យមហាជនជាច្រើននាក់ដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ញើសារចូលរួមជួយរំលែកទុក្ខ និងផ្ដល់កម្លាំងចិត្តជាច្រើនចំពោះបុរសជាស្វាមី ឲ្យរឹងមាំឡើង គាត់ទៅបានសុខហើយ។
គួរបញ្ជាក់ផងដែរថា អ្នកម្ដាយខាងលើមានទីលំនៅស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ឯមូលហេតុដែលនាំត្រូវព្រាត់គ្រួសារ ព្រាត់ប្តី ព្រាត់កូនជារៀងរហូតគ្មានថ្ងៃវិលត្រឡប់បែបនេះ គឺដោយសារគាត់មានជំងឺដុះសាច់បំពង់ក រលាកសួត ព្រមទាំងខ្វះគ្រាប់ឈាមក្រហម ធ្វើឲ្យគាត់មានអាការៈហត់ខ្លាំង ថប់ដង្ហើម និងដង្ហក់ខ្យល់តែម្ដង ទាំងគ្មាននរណាម្នាក់អាចជួយទារក និងម្ដាយរូបនេះបាន។
ទាំងនេះជាសាររំលែកទុក្ខ និងបង្ហាញការអាណិតស្ដាយស្រណោះចំពោះការបាត់បង់មួយនេះពីប្អូនប្រុស និងមិត្តភ័ក្ដិផ្សេងទៀត «បងស្រីទៅឲ្យបានសុខ ទៅដល់ឋានបរមសុខ។ ជាតិនេះបងប្អូនយេីងបែកគ្នាឋានមនុស្ស តែយេីងនៅតែជាបងប្អូនរហូត ម្ភៃបួនឆ្នាំនេះ ខ្លីណាស់សម្រាប់ការជួបជុំមួយនេះ»។
«បើកហ្វេសប៊ុកភ្លាមឃើញភ្លាម គ្នាស្លុតអស់ហើយ មិនគួរឲ្យជឿទេ ថាហេតុអ្វីឯងទៅលឿនយ៉ាងនេះ អាភា គ្នាឃើញឯងផុសថា មានកូនម៉ានថ្ងៃមុនសោះហ្នឹង អាណិតណាស់ សូមឯងនិងកូនទៅឲ្យបានសុខណាសម្លាញ់។ ចូលរួមរំលែកទុកដ៏ក្រៀមក្រមពីចម្ងាយផង។ លារហូតហើយពួកម៉ាកអើយ បើមានជាតិមុខ សុំធ្វើជាបងប្អូនល្អជាមួយគ្នាណា បែកគ្មានថ្ងៃជួបគ្នាធ្វើចិត្តមិនបានទេ»៕