បន្ទាយមានជ័យ ៖ នារីម្នាក់ ព្រោះចង់បានលុយការប្រាក់ពីបុរសវ័យក្មេងម្នាក់ ក៏ស្កាត់ជួបគ្នាតាម FaceBooK ហ៊ានឲ្យគេខ្ចីលុយ ៨ ១០០ ដុល្លារ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នារីរងគ្រោះ ក្រោយពីចាញ់បោកគេហើយ ក៏បានមកប្តឹងនគរបាលស្រុកភ្នំស្រុក ដើម្បីជួយស្រាវជ្រាវ រកជនឆបោកមកផ្ដន្ទាទោស។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា នារីដែលរងគ្រោះ ឈ្មោះ ដ ស គ វី អាយុ៣៧ឆ្នាំ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា តាមការរៀបរាប់បំភ្លឺពីនារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា គាត់បានស្គាល់បុរសនោះ តាមអាខោន FaceBook ឈ្មោះវាសនាអ្នករកស៊ី និងមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ គឺទុកចិត្តរាប់អានគ្នាដូចបងប្អូន។ តែពុំដែលបានឃើញ និងស្គាល់មុខគ្នាផ្ទាល់សោះ ហើយគេបានប្រាប់ថា នៅខេត្តស្ទឹងត្រែង។
លុះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះវាសនា នេះ បានទូរសព្ទខលមកខ្ចីប្រាក់គាត់ចំនួន៨ ១០០ ដុល្លារ ដោយបុរសនេះ បាននិយាយប្រាប់ថា ខ្លួនគេដឹកឈើចូលទៅប្រទេសវៀតណាម ត្រូវបានគេចាប់។ ក្នុងនោះ ក្នុងលុយចំនួន ៨ ១០០ ដុល្លារនោះ គេឲ្យការប្រាក់១ថ្ងៃ ៥,០០០បាត ដោយអះអាងថា ការរាប់អានគ្នា និងការទំនាក់ទំនងគ្នាជិត១ឆ្នាំមកហើយ។ នារីរងគ្រោះ
ក៏យល់ព្រមឲ្យខ្ចីនិងវេរលុយតាមវីងឲ្យគ្រប់ចំនួន ៨ ១០០ ដុល្លារ តាមដែលជនសង្ស័យខ្ចី។ លុះបានរយៈពេល១ថ្ងៃខ្លួនបានតេទៅលេខទូរសព្ទដែលបុរសនោះតេមកខ្ចីលុយនោះមិនចូល។ ចំណែកហ្វេសប៊ុក ក៏ប្លុកចោលអស់ ទើបដឹងខ្លួនថា ចាញ់បោកបុរសនោះ។
ប្រភពអត្ថបទ៖ កម្ពុជាថ្មី