ខេត្តកោះកុង ៖ ក្រុមជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមប្រុសស្រីចំនួន៤៩នាក់ ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយព្រះរាជអាជ្ញារងខេត្តកោះកុង បានចុះត្រួតពិនិត្យ កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ និងបានរកឃើញថា ពួកគេបានមកស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់លើសាឡង់បូមខ្សាច់ចំនួន១៨គ្រឿង នៅស្រុកស្រែអំបិល។
លោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យដឹងកាលព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ថា ជនអន្តោប្រវេសន៍ចំនួន៤៩ ក្នុងនោះស្ត្រីចំនួន៣នាក់ ជាជនជាតិវៀតណាម ដែលសមត្ថកិច្ចជំនាញឃាត់ខ្លួនបាន គឺសុទ្ធសឹងគ្មានលិខិតឆ្លងដែន និងបណ្ណការងារជាជនបរទេស។
លោកកែម សារិន បន្ថែមថា ពួកគេបានស្នាក់នៅ និងធ្វើការលួចលាក់ខុសច្បាប់នៅលើសាឡង់បូមខ្សាច់ចំនួន១៨គ្រឿង នៅចំណុចភូមិសាស្ត្រពាមគយ ស្ថិតក្នុងភូមិបាក់អង្រុត ភូមិឈើទាសភ្នាស់ ឃុំស្រែអំបិល ដោយសារតែថៅកែបូមខ្សាច់ឈ្មោះ លឹម បុក ជាអ្នកអនុញ្ញាត។ បច្ចុប្បន្ននេះ សមត្ថកិច្ចរបស់លោកក៏កំពុងសួរនាំលម្អិតថែមទៀតលើជនអន្តោប្រវេសន៍ម្នាក់ពីប្រវត្តិនៃការធ្វើដំណើរលួចចូលឆ្លងដែនខុសច្បាប់តាមផ្លូវគោក ឬផ្លូវទឹក ដោយផ្តើមពីភូមិសាស្ត្រណាខ្លះ។
ចំពោះម្ចាស់អាជីវកម្មបូមខ្សាច់ដ៏ធំជាងគេនៅស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានគេស្គាល់ឈ្មោះលឹម បុក ដែលផ្តល់ការអនុញ្ញាតជាទីតាំងស្នាក់នៅ និងប្រកបមុខរបររកឈ្នួលបូមខ្សាច់ប្រចាំថ្ងៃឱ្យខ្លួន។ គេនៅមិនទាន់ដឹងព័ត៌មានច្បាស់លាស់ទេ ថាតើឈ្មួញឈ្មោះលឹម បុក នេះ អាចនឹងរងបន្តឹងទៅតុលាការតាមផ្លូវច្បាប់ដែរឬយ៉ាងណានោះ មិនអាចមានសមត្ថកិច្ចជំនាញណាម្នាក់អាចពន្យល់បានទេ។
ទាក់ទិនបញ្ហាអន្តោប្រវេស៍ខុសច្បាប់នេះដែរ លោកឧត្តមសេនីយទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង បញ្ជាក់ថា នេះជាការបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំមួយសម្រាប់ឆ្នាំ២០២០ ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលលួចចូលស្នាក់នៅ និងធ្វើការខុសច្បាប់លើដែនដីខេត្តកោះកុង។ កន្លងទៅមានយុទ្ធនាការពិនិត្យ និងបង្ក្រាបណាស់ដែរ ដោយរកឃើញចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងពេលនេះ។
បើតាមលោកស្នងការនគរបាលខេត្តកោះកុង លោកនឹងដាក់ផែនការដល់មន្ត្រីសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងស្រុក នឹងបង្កើនបន្តសហការពិនិត្យស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់បន្ថែម ដោយមិនត្រូវឱ្យពួកគេចូលមករស់នៅ និងធ្វើការខុសច្បាប់ហើយ មិនដឹងព័ត៌មាននោះទេ។
ប្រភពអត្ថបទ៖ នគរធំ