សូមជួយពួកគាត់ផង! កូនកំព្រា៧នាក់ ត្រូវអ៊ុំប្រុសស្រី២នាក់ លួចធ្វើប្លង់កម្មសិទ្ធិរំលោភដីធ្លី ដែលជាកេរ្តិ៍របស់សពម្តាយ អំពាវនាវរកយុត្តិធម៌ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេតកិត្តិព្រឹទ្ធបណ្ឌិត…

តាកែវ៖កូនកំព្រា៧នាក់ ដែលបច្ចុប្បន្នបានសម្រេចចិត្តបួសចំនួន៣នាក់ បានចោទប្រកាន់អ៊ុំប្រុសស្រី២នាក់ លួចធ្វើប្លង់កម្មសិទ្ធិរំលោភដីធ្លីដែលជាកេរ្តិ៍របស់សពម្តាយ អំពាវនាវរកយុត្តិធម៌ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេតកិត្តិព្រឹទ្ធបណ្ឌិត ក្រោយអស់ជំនឿលើអាជ្ញាធរមូលដ្ឋាននិងតុលាការខេត្តតាកែវ ។

កូនកំព្រាទាំង៧នាក់ បានផ្ញើសារមក CPC NEWS នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ ដោយភ្ជាប់ជាមួយ​ឯកសារមួយចំនួនផងដែរ ជាពិសេស គឺ ពាក្យបណ្តឹងដែលបានដាក់ទៅប្រធានសាលាដំបូងខេត្តតាកែវ ។

ក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កូនកំព្រាទាំង៧នាក់ រួមមានឈ្មោះ តាត់ បូរី , ឈ្មោះ តាត់ មុន្នី , ឈ្មោះ តាត់ វុទ្ធី , ឈ្មោះ តាន់ រាជសី , ឈ្មោះ តាត់ សុវណ្ណារី , ឈ្មោះ តាត់ ពន្លក និង ឈ្មោះ តាត់ ចំរើន បច្ចុប្បន្នរស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានប្តឹងចោទប្រកាន់អ៊ុំប្រុសស្រី២នាក់ ដែលមានឈ្មោះ ព្រំ សុផៃ និង ឈ្មោះ ពេជ្រ ចាន់ធាវី ពាក់ព័ន្ធការលួចធ្វើប្លង់កម្មសិទ្ធិរំលោភដីធ្លី ដែលជាកេរ្តិ៍របស់សពម្តាយ ។

កូនកំព្រាទាំង៧នាក់ បានរៀបរាប់ថា បន្ទាប់ពីម្តាយបានស្លាប់ទៅ ពួកគាត់ត្រូវបាន ឈ្មោះ ព្រំ សុផៃ អាយុ៦០ឆ្នាំ បម្រើការងារជាមន្ត្រីយោធាខាងពេទ្យទាហាន នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ជាអ្នកមើលការខុសលើពួកគាត់ទាំងអស់គ្នា ដោយកាលនោះពួក គាត់នៅក្មេងៗ មិនដឹងអ្វីទេ ទើបគាត់ដែលត្រូវអ៊ុំបង្កើត ឈ្មោះ ព្រំ សុផៃ នោះ សុំឈរឈ្មោះបណ្តោះអាសន្នជាម្ចាស់កម្មសិទ្ធិលើក្បាលដី៣២២ទំហំ៥៤៧១ម៉ែត្រការ៉េ ដោយសំអាងថា ក្មួយៗរបស់គាត់នៅតូចៗ មិនទាន់គ្រប់អាយុធ្វើប្លង់ដីកើត ចាំដល់ពួកគាត់ទាំង៧នាក់ធំៗពេញវ័យ គាត់និងប្រពន្ធនឹងកាត់ឈ្មោះចែកដីទាំងនោះជាកម្មសិទ្ធិឲ្យវិញ ទើបគណៈកម្មការវាស់វែងដីធ្លី និងពលរដ្ឋដែលមានព្រំដីជាប់នោះ អនុញ្ញាតឲ្យ គាត់ដែលត្រូវជាអ៊ុំបង្កើតនោះឈរឈ្មោះធ្វើប្លង់តែម្តង តែផ្ទុយទៅវិញបន្ទាប់ពីដីនោះមានតម្លៃ បែរជាអ៊ុំបង្កើតរបស់គាត់រូបនេះ មិនព្រមប្រគល់ដីនោះឲ្យពួកគាត់វិញទេ ។

ពួកគាត់បានបន្តទៀតថា ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងឲ្យអាជ្ញាធរភូមិឃុំនិងស្រុកឲ្យជួយដោះស្រាយដែរ តែដូចជាមិនមានដំណោះស្រាយមួយសមស្របជូនដល់ពួកគាត់ទ្បើយ បែរជាស្ងាត់ៗឈឹងគ្មានដំណឹងអ្វីសោះឡើយ រហូតដល់ពួកគាត់បន្តដាក់ពាក្យបណ្តឹងដល់សាលាដំបូងខេត្តតាកែវទៀត ក៏នៅតែគ្មានដំណោះ ស្រាយដ៏ដែល ។

ពួកគាត់បាននិយាយ ទាំងអួលដើម.ក ថា «តើបងប្អូនគាត់ទាំង៧នាក់ អាចទទួលបានយុត្តិធម៌មកវិញទេ ? បើយើងជាអ្នកក្រ ហើយកំព្រាម្តាយ ឪពុកបែបនេះនោះ ?»។

ទោះបីយ៉ាងណា CPC NEWS បានទំនាក់ទំនងទៅលោក ព្រំ សុផៃ ដើម្បីសុំការបញ្ជាក់ តែលោកមិនលើកទូរស័ព្ទឡើយ ៕

អត្ថបទ៖ CPC News

Related posts

Leave a Comment