រងចាំមើលទាំងអស់គ្នា! ដេញបំបុកចោរ ស្លាប់ដូចគ្នា តើចៅក្រមខេត្តកោះកុង ត្រូវតុលាការផ្ដន្ទាទោសដូចស្ត្រីចិនម្នាក់ កាលពីពេលមុនឬទេ?

ភ្នំពេញ៖ ក្រោយពេលចៅក្រមខេត្តកោះកុង បើករថយន្តដេញតាមបំបុកម៉ូតូចោរឆក់កាបូបរបស់លោកមានទឹកប្រាក់ជិត១ម៉ឺនដុល្លារឲ្យដួល បណ្ដាលឲ្យចោរឆក់នោះ ងាប់មក មានអ្នកលេងហ្វេសប៊ុកជាច្រើន បានបង្ហោះសារថា សុំសួរអ្នកច្បាប់បន្តិច មេត្តាជួយពន្យល់ផង ! ហេតុការណ៍ ២ ដូចគ្នា ៖ ហេតុការណ៍ទី១ នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០១៨ ស្រីចិនម្នាក់ ឈ្មោះ ថាង យាន បានបើករថយន្តដេញបុកចោរឆក់ឱ្យងាប់ម្នាក់ និងរងរបួសម្នាក់ ត្រូវបានតុលាការផ្តន្ទាទោសដាក់គុកកំណត់០២ឆ្នាំ តែអនុវត្តត្រឹមតែ០៣ខែ

និងបង្គាប់ឲ្យសងជំងឺ និងការខូចខាត ទៅជនរងគ្រោះទាំង២នាក់ ជិត៣ម៉ឺនដុល្លារ និង ជាង៦០លានរៀល ព្រមទាំងពិន័យ ៤លានរៀល ដាក់ចូលក្នុងថវិកាជាតិទៀតផង។ ចុះហេតុការណ៍ទី២ នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ លោកចៅក្រម ខេត្តកោះកុង បានបើករថយន្តដេញតាមបំបុកម៉ូតូចោរឆក់កាបូបឱ្យស្លាប់ដូចគ្នាដែរ តើលោកចៅក្រម គង់ ខេមរា មានទោសដូចករណីស្រីចិន ខាងលើដែរឬទេ ?

ប្រភពច្បាស់ការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយពីលោកគង់ ខេមរា ចៅក្រមអមសាលាដំបូងខេត្តកោះកុង បើករថយន្តដេញតាមបំបុកម៉ូតូចោរឆក់កាបូបរបស់លោកមានទឹកប្រាក់ជិត១ម៉ឺនដុល្លារឲ្យដួល បណ្ដាលឲ្យចោរឆក់នោះ ងាប់មក នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនលោកគង់ ខេមរា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ពីបទមនុស្សឃាតដោយអចេតនាហើយ ។

លោកគង់ ខេមរា ចៅក្រមអមសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកHighlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-7006 ក្នុងទិសដៅពីត្បូងទៅជើងបំណងមកកាត់សក់នៅហាងមួយ។

លុះមកដល់ផ្លូវលេខ១០១១កែងផ្លូវលេខ៧២ គាត់ក៏ឈប់រថយន្ត ហើយបើកទ្វារបម្រុងដើរចូលទៅកាត់សក់ ប៉ុន្តែភ្លាមៗនោះ ស្រាប់តែលេចមុខជនសង្ស័យជាស្ត្រីតែងខ្លួនធ្វើជាប្រុសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HQ-2546មកពីក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់គាត់បានសម្រេច ដែលក្នុងកាបូបនោះមានទឹកប្រាក់ជិត១ម៉ឺនដុល្លារ រួចហើយក៏ជិះម៉ូតូគេចខ្លួន។ភ្លាមៗនោះគាត់ក៏បានបើករថយន្តដេញតាមពីក្រោយជនសង្ស័យ រហូតមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏បានវាក់ជាមួយរថយន្តនៅខាងមុខ ហើយដោយសារគាត់បើករថយន្តដេញតាមជនសង្ស័យក្នុងល្បឿនលឿននោះ ធ្វើឱ្យគាត់ជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូជនសង្ស័យពេញទំហឹង បណ្តាលឲ្យជននេះស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងបានឃាត់គាត់យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់។ ចំណែកសពជនសង្ស័យសមត្ថកិច្ចបានអនុញ្ញាតឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែករណីទី២វិញ៖ កាលពីអាធ្រាតវេលាម៉ោង១២និង១០នាទីយប់ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិចិនចំនួន ០២នាក់ ក្នុងនោះ រួមមាន ជនត្រូវចោទម្នាក់ ដែលអ្នកបើកបរ និង ស្រី្តចិនម្នាក់ទៀត ដែលជាអ្នករួមដំណើរ បន្ទាប់ពីពួកគេ បើករថយន្តដេញបំបុកជនសង្ស័យ០២នាក់ ដោយចោទប្រកាន់ ថាបានឆក់ទូរស័ព្ទដៃរបស់នាង និង បានបណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់ នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវ លេខ៤៥៦ (មុខផ្ទះលេខ៥៤) ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លុះដល់ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចឃុំខ្លួនស្ត្រីជនជាតិចិនឈ្មោះថាង យៀន (YUAN TANG) ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបើករថយន្តបំបុកចោរឆក់ទូរស័ព្ទដៃ បណ្តាលឱ្យស្លាប់ និងរបួស ដាក់ពន្ធនាគារPJ ជាបណ្តោះអាសន្ន ក្រោយពីកញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញចោទប្រកាន់ចំនួន៣បទល្មើស ទី១.បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨, ទី២.បទហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ និង ៣.បទបើកបរដោយគ្មានប័ណ្ណអនុញ្ញាតិ ៧៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

នៅរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសជនជាប់ចោទស្រ្តីចិនឈ្មោះថាង យៀន (YUAN TANG) នោះ ដាក់គុកកំណត់០២ឆ្នាំ តែអនុវត្តត្រឹមតែ ០៣ ខែ ទោសនៅសេសសល់ ត្រូវព្យួរទាំងអស់ និងបង្គាប់ឲ្យសងេះមងឺចិត្ត និងការខូចខាត ទៅជនរងគ្រោះទាំង២នាក់ ជិត៣ម៉ឺនដុល្លារ និង ជាង៦០លានរៀល ព្រមទាំងពិន័យជាប្រាក់ ៤លានរៀល។

Related posts

Leave a Comment