មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ដោយសារកូវីដ១៩! អត្រានៃភាពក្រីក្ររបស់កម្ពុជា ងើបឡើងវិញ…

ភ្នំពេញ៖ «យើងមិនអាចបដិសេធថា មានកូវីដហើយ គ្មានអ្នកក្រកើនឡើងនោះទេ ប៉ុន្តែធ្វើយ៉ាងម៉េច កុំឲ្យគាត់ស្លាប់ដោយអត់បាយ ពិបាកវេទនា ឲ្យគាត់រស់បាន ដើម្បីឱកាសសេដ្ឋកិច្ច និងការងារមកវិញ គាត់ស្ទុះងើបមកវិញបាន»។

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបែបនេះក្នុងសន្និសីទស្តីពីវិធានការទ្រទ្រង់ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ។

លោករដ្ឋលេខាធិការបញ្ជាក់ទៀតថា៖ «តួលេខភាពក្រីក្រត្រូវតែឡើង… បើគិតទាំង២.៣លាននាក់ [រួមទាំងពលរដ្ឋក្បែរក្រីក្រ]នោះ អត្រាភាពក្រីក្រកើនឡើងដល់១៤-១៥ភាគរយ…យើងចិញ្ចឹមគាត់ទៅ ទាំងក្រ និងក្បែរក្រនេះឲ្យតែជួបការលំបាក ហើយមិនមែនចិញ្ចឹមឲ្យគាត់រស់ទាំងស្រុងទេ គឺគ្រាន់តែជួយមួយចំណែកទេ គាត់ត្រូវតែប្រឹងខ្លួនឯងដែរ »។

លោកវង្សី វិស្សុត បានបញ្ជាក់ថា នៅឆ្នាំ២០២០នេះ បើសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្នុងអត្រា-១.៩% ហើយចំនួនប្រជាជនកម្ពុជាកើនឡើងទៀតនោះ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សមា្នក់ៗនឹងធ្លាក់ ប៉ុន្តែបើចំនួនប្រជាជនគ្មានកំណើនទេ ហើយសេដ្ឋកិច្ចធ្លាប់តែ-១.៩% នោះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សមា្នក់ៗនៅដដែល។

មុនពេលផ្ទុះជំងឺកូវីដ១៩ អត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃថា ស្ថិតនៅក្រោមបន្ទាត់១១% ប៉ុន្តែពេលនេះក្នុងជួបវិបត្តិ ជំងឺឆ្លងដ៏កាចសាហាវនេះ អត្រានឹងកើនឡើងវិញ។

ដើម្បីសម្រាលបន្ទុក ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលជួបការលំបាកក្នុងជីវភាពដោយសារជំងឺកូវី១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ១២៥លានដុល្លារ។ ដោយក្នុង១ខែត្រូវចំណាយ២៥លានដុល្លារ៕

អត្ថបត៖ KBN

Related posts

Leave a Comment