កាន់តែគួរឲ្យខ្លាច! អ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវទើបរកឃើញថាវីរុស កូវីដ១៩ អាចបង្កឲ្យអ្នកជំងឺមានបញ្ហាប្រព័ន្ធប្រសាទធ្ងន់ធ្ងរ ឈានដល់ការភ្លេចភ្លាំង និងវិកលចរិត…

ក្រុងឡុង៖ ការសិក្សាមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ London University (UCL) បានធ្វើការពិសោធន៍រកឃើញអ្នកជំងឺកូវីដ ប្រឈមនឹងបញ្ហាប្រព័ន្ធប្រសាទធ្ងន់ធ្ងរ រួមមានការរលាកស្រោមខួរ ជំងឺវិកលចរិក និងការភ្លេចភ្លាំង។

បើតាមការចុះផ្សាយដោយសារព័តមាន Reuters នៅថ្ងៃទី៨ ខែកក្កដា បានឲ្យដឹងថា ការរកឃើញនេះ បានកើតឡើងទៅលើអ្នកជំងឺកូវីដ១៩ ចំនួន៤៣ នាក់ ដែលបានទទួលរងនូវការខូចមុខងារខួរក្បាលបណ្តោះអាសន្ន ខូចសរសៃប្រសាទ ឬផលប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរដទៃទៀត។

ប្រធានក្រុមដឹកនាំការសិក្សាស្រាវជ្រាវ លោក Michael Zandi បានឲ្យដឹងថា ការរកឃើញនេះស្រដៀងនឹង ការរលាកស្រោមខួរក្បាលនៅទសវត្សឆ្នាំ ១៩២០ និង ១៩៣០ បន្ទាប់ពីការរាតត្បាតជំងឺផ្តាសាយក្នុងឆ្នាំ ១៩១៨។

លោកបានបន្តថា “ការព្រួយបារម្ភរបស់ខ្ញុំគឺថាឥឡូវនេះយើងមានមនុស្សរាប់លាននាក់ដែលកំពុងមានផ្ទុកជំងឺកូវីដ១៩ ហើយប្រសិនបើក្នុងរយៈពេលមួយឆ្នាំយើងមានមនុស្ស ១០ លាននាក់មានជំងឺកូវីដ នោះប្រជាជនទាំងនោះនឹងមានបញ្ហាកង្វះការយល់ដឹង ពេលនោះវានឹងជះឥទ្ធិពលដល់សមត្ថភាពការងារនិងសមត្ថភាពក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។

ទោះជាយ៉ាងនេះក្តី ក្រុមការងារស្រាវជ្រាវនៅបន្តប្រមូលទិន្នន័យ និងភ័ស្តុតាងនានាបន្ថែមទៀត ដើម្បីអាចធ្វើការវាយតម្លៃថា តើផលវិបាកដែលនាំឲ្យមានបញ្ហានៃប្រព័ន្ធសរសៃប្រសាទ និងវិកលចរិតនេះ ជាទូទៅនឹងមានលក្ខណៈយ៉ាងដូចម្តេច៕

អត្ថបទ៖ CPC news

Related posts

Leave a Comment