យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chheng Chan Pheaktra បានបង្ហាញពីបទពិសោធន៍របស់លោកក្នុងការវះកាត់ដោយបានផ្លាស់ប្តូរពីភ្នែកម៉្ញូបរាប់រយដឺក្រេមកជាភ្លឺច្បាស់ចេស ដោយមិនចាំបាច់ប្រើវ៉ែនតាតទៅទៀត ។
លោកបានរៀបរាប់ដូច្នេះថា៖ «ថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍ការធ្វើឡេសិកភ្នែក (Lasik Eyes Surgery)នៅមន្ទីរពេទ្យយ៉ាន់ហ៊ី (Yanhee International Hospital) ទីក្រុងបាងកកប្រទេសថៃ ។ខ្ញុំធ្លាប់ម៉្ញូបភ្នែកម្ខាង 500 ដឺក្រេ និង ម្ខាងទៀត 450 ដឺក្រេ និង ផ្អៀង 25 ដឺក្រេប៉ុន្ដែឥឡូវនេះភ្នែករបស់ខ្ញុំភ្នែកត្រឡប់មក ០ ដឺក្រេ ច្បាស់ FULL HD ដោយមិនចាំបាច់ពាក់វ៉ែនតាដូចមុនទៀតហើយ» ។
លោកបានបន្ថែមយ៉ាងលម្អិតពីវិធីវះកាត់ភ្នែកថា៖ «ខ្ញុំចង់ណែនាំដល់អ្នកទាំងអស់គ្នាបើសិនជាមានភ្នែកម៉្ញូបមិនលើស ១២០០ ដឺក្រេ អ្នកទាំងអស់គ្នាអាចជ្រើសរើសការធ្វើ Lasik នៅមន្ទីរពេទ្យយ៉ាន់ហ៊ី (Yanhee International Hospital) ជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ ។ តើ Lasik ភ្នែកគឺជាអ្វី? Lasik ជាពាក្យកាត់ចេញពី Laser In Situ Keratomileusis ជាការវះកាត់ដោយបើកកញ្ចក់ភ្នែក និង ប្រើឡាស៊ែរបាញ់ទៅលើប្រស្រីភ្នែករបស់យើងដោយចំណាយពេលវះកាត់ត្រឹមតែ ៣ ទៅ ៥ នាទីប៉ុណ្ណោះ អាស្រ័យលើភ្នែករបស់យើង ។ អ្នកដែលអាចធ្វើការវះកាត់ Lasik បាន ចាប់ពីអាយុ 18 ឆ្នាំ ដល់អាយុ 50 ឆ្នាំ» ។
លោកបានបន្ថែមថា៖ «មុនពេលវះកាត់ធ្វើ Lasikត្រូវត្រួតពិនិត្យអ្វីខ្លះ? គឺត្រួតពិនិត្យដឺក្រេម៉្ញូបភ្នែក វាស់សម្ពាធកែវភ្នែក ត្រួតពិនិត្យកញ្ចក់ភ្នែក វាស់ភាពកោងរបស់កញ្ចក់ភ្នែកទាំងខាងមុខ និង ខាងក្រោយ ត្រួតពិនិត្យកំរាស់កញ្ចក់ភ្នែក វិភាគសភាពខ្សែភ្នែក និង វាស់បរិមាណទឹកភ្នែក» ។
យុវជននេះរៀបរាប់បន្តទៀតថា « បន្ទាប់ពីភ្នែករបស់យើងត្រូវបានត្រួតពិនិត្យរួចរាល់ វេជ្ជបណ្ឌិតនឹងប្រាប់យើងថាភ្នែករបស់យើងអាចធ្វើ Lasik បានដែរឫទេ ព្រោះបើសិនជាកញ្ចក់ភ្នែករបស់យើងស្តើង យើងមិនអាចធ្វើ Lasik បានទេ ។ បន្ទាប់ពីវេជ្ជបណ្ឌិតប្រាប់ថាភ្នែករបស់យើងអាចធ្វើបាន និង ណែនាំវិធីធ្វើLasik ដែលសមស្របជាមួយភ្នែករបស់យើង ។ វេជ្ជបណ្ឌិតនឹងណាត់យើងដើម្បីវះកាត់ធ្វើ Lasik ភ្នែក ។
តើយើងត្រូវត្រៀមអ្វីខ្លះមុននឹងវះកាត់ធ្វើ Lasik ភ្នែក? ដំបូងយើងត្រូវកក់សក់អោយស្អាត និង ហាមតែងមុខ លាបម្សៅ ក្រែម ឫ បាញ់ទឹកអប់មុននឹងទៅវះកាត់ ។ បើសិនជាអ្នកដែលប្រើ Contact lens ត្រូវបញ្ឈប់ប្រើយ៉ាងតិចរយៈពេល 3 ថ្ងៃមុនវះកាត់ធ្វើLasik ប៉ុន្ដែប្រភេទlens ដែលសភាពរឹង ត្រូវដោះចេញយ៉ាងតិច 1 សប្តាហ៍ ។ បញ្ឈប់ការប្រើ lens កាន់តែយូរ កាន់តែធ្វើឲ្យមានប្រសិទ្ធភាពក្នុងការធ្វើ Lasik ។
តើកំលុងពេលវះកាត់វេជ្ជបណ្ឌិតនឹងធ្វើអ្វីខ្លះ? គិលានុបដ្ឋាយិកានឹងបន្តក់ថ្នាំស្ពឹកទៅលើភ្នែករបស់យើងដើម្បីមិនអោយមានការឈឺចុកចាប់ក្នុងកំលុងពេលវះកាត់ ។ បន្ទាប់មកគិលានុបដ្ឋាយិកានឹងនាំយើងចូលក្នុងបន្ទប់វះកាត់ វេជ្ជបណ្ឌិតនឹងដាក់ឧបករណ៍ទៅលើកែវភ្នែករបស់យើង រួចមកវេជ្ជបណ្ឌិតនឹងវះកាត់បើកកញ្ចក់កែវភ្នែករបស់យើងដោយប្រើឧបករណ៍ទំនើប ។
បន្ទាប់មកវេជ្ជបណ្ឌិតនឹងអោយយើងសម្លឹងភ្នែកទៅពន្លឺពណ៌ក្រហមនិងពណ៌បៃតងដែលបញ្ចាំងលើកែវភ្នែករបស់យើង ដើម្បីធ្វើការបាញ់ឡាស៊ែរ ។ ចំពោះការបាញ់ឡាស៊ែរទៅលើប្រស្រីភ្នែកពុំមានការឈឺចុកចាប់នោះទេដោយប្រើរយៈពេលចន្លោះ 15 វិនាទី ទៅ 1 នាទី អាស្រ័យលើភ្នែករបស់យើង ។ បន្ទាប់មកវេជ្ជបណ្ឌិតនឹងបិទកញ្ចក់កែវភ្នែករបស់យើងវិញ និង បន្តក់ថ្នាំសម្លាប់មេរោគអោយយើង ។ បន្ទាប់ពីវះកាត់រួចវេជ្ជបណ្ឌិតនឹងត្រួតពិនិត្យកែវភ្នែករបស់យើងដែលត្រូវបានវះកាត់រួចរាល់» ។
លោកក៏បានលើកឡើងដែរថា៖ «បន្ទាប់ពីវះកាត់រួចរាល់ គិលានុបដ្ឋាយិកានឹងបិទវ៉ែនតាគ្របភ្នែករបស់យើងដើម្បីការពារមិនអោយយើងយកដៃញីភ្នែកនៅពេលគេង ។ គិលានុបដ្ឋាយិកាតម្រូវអោយយើងបិទគ្របភ្នែករហូតដល់ព្រឹកស្អែកមុននឹងមកជួបវេជ្ជបណ្ឌិតតាមការណាត់ថ្ងៃបន្ទាប់ ។ ឱសថការីនឹងផ្តល់ថ្នាំបន្តក់កុំអោយភ្នែកស្ងួត ថ្នាំបន្តក់សម្លាប់មេរោគ ថ្នាំបំបាត់ការឈឺចុកចាប់ ថ្នាំងងុយគេង ថ្នាំវីតាមីន និង សំលីដើម្បីសម្អាតជុំវិញកែវភ្នែក ។
ឱសថការីហាមមិនអោយភ្នែកប៉ះទឹករយៈពេល 1 សប្តាហ៍ ។ រួចមកយើងអាចត្រលប់ទៅសណ្ឋាគារ ឫបន្ទប់ស្នាក់នៅរបស់យើងវិញបាន ឫ យើងអាចជួលស្នាក់នៅបន្ទប់របស់មន្ទីរពេទ្យ1យប់បានបើសិនជាយើងមានផលវិបាកត្រឡប់ទៅបន្ទប់ស្នាក់នៅរបស់យើងដោយសារវេជ្ជបណ្ឌិតនឹងណាត់ត្រួតពិនិត្យភ្នែកពេលព្រឹកថ្ងៃបន្ទាប់ ។ វេជ្ជបណ្ឌិតណែនាំអោយពាក់វេនតាការពារកម្ដៅថ្ងៃរយៈពេល1ខែនៅពេលចេញខាងក្រៅផ្ទះ ។
បន្ទាប់ពីវះកាត់ភ្នែក ភ្នែករបស់យើងនឹងចាប់ផ្តើមផ្សាហូរទឹកភ្នែកដូចមានអ្វីជាប់លើភ្នែករបស់យើង ប៉ុន្តែឱសថការីណែនាំអោយយើងសម្រាក គេងយ៉ាងតិច 6 ម៉ោង ដោយសារថ្នាំស្ពឹកនឹងអស់ជាតិថ្នាំ អាចបណ្តាលអោយយើងឈឺផ្សាភ្នែកបាន រួមពិសារថ្នាំបំបាត់ការឈឺចុកចាប់បេីសិនជាយេីងឈឺចុកចាប់ខ្លាំង។
ក្រោយសម្រាកគេង 6 ម៉ោងហើយ ភ្នែករបស់យើងនឹងចាប់ផ្ដើមបាត់ឈឺផ្សា និង ចាប់ផ្តើមឃើញច្បាស់បន្តិចម្តងៗ ។ ពេលព្រឹកស្អែកភ្ញាក់ពីគេងយើងត្រូវដោះវ៉ែនតាគ្របភ្នែកចេញ រួចសម្អាតភ្នែករបស់យើង និង បន្តក់ថ្នាំសម្លាប់មេរោគ និង បន្តក់ថ្នាំកុំអោយភ្នែកស្ងួត ។ រួចមកនឹងជួបវេជ្ជបណ្ឌិតដើម្បីត្រួតពិនិត្យរបួសដែលបានវះកាត់ ។ វេជ្ជបណ្ឌិតនឹងណាត់យើងម្តងទៀតក្រោយ1សប្តាហ៍ 1ខែ3ខែ 6ខែបន្ទាប់ពីវះកាត់ ។ លទ្ធផលភ្នែករបស់យើងនឹងចាប់ផ្ដើមឃើញច្បាស់ក្រោយវះកាត់រយៈពេល 1ថ្ងៃ និង កាន់តែឃើញច្បាស់ក្រោយរយៈពេល 1 សប្តាហ៍» ។
សូមបញ្ជាក់ថា សម្រាប់តម្លៃការវះកាត់ធ្វើ Lasik ត្រឹមតែ ៥៤,០០០ បាត ប្រហែល ១,៨០០ដុល្លារ ហើយ សេវាមន្ទីរពេទ្យ ២៥០ បាត ប្រហែល ៨ ដុល្លារ ប៉ុណ្ណោះ ៕