តាកែវ៖ស្ត្រីម្នាក់បានចោទប្រកាន់ប៉ូលិសចរាចរណ៍ខេត្តតាកែវ ដាក់គោលដៅនៅចំណុចរង្វង់មូលអូរចំបក់ ក្រុងដូនកែវ ខេត្តតាកែវ ថា «ខំអោយកូនចុះដើរហើយ នៅចាប់ផាកពិន័យទៀត តើយកច្បាប់ណាមកអនុវត្ត» ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «So Phea» បានបង្ហោះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ។
គណនីហ្វេសប៊ុកឈ្មោះ «So Phea» បានសរសេរខ្លឹមសារអមជាមួយវីដេអូ ថា «កាលពីម្សិលមិញខ្ញុំបានជិះម៉ូតូទៅតាកែវទិញមួកសុវត្ថិភាព២នាក់កូនរបស់ខ្ញុំ ។ ខ្ញុំពាក់មួកសុវត្ថិភាពហើយកូនរបស់ខ្ញុំអត់មានមួកសុវត្ថិភាពទេ ។ ប៉ុន្តែជិះជិតមកដល់គោលដៅប៉ូលិសអូរចំបក់ ខ្ញុំក៏អោយកូនចុះដើរព្រោះអត់មួក ហើយប៉ូលិសក៏បានហៅខ្ញុំ ដើម្បីផាកពិន័យអ្នកដើរចំនួន២ម៉ឺនរៀល ។ ខ្ញុំចង់សួរបងប្អូនថា តើមានច្បាប់មាត្រាណា ចាប់អ្នកដើរ នាងខ្ញុំអត់យល់ពីប៉ូលិសនៅខេត្តតាកែវ សូមបងប្អូនអោយជាយោបល់ ។ សូមអរគុណ»។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសង្ឃឹមថា នឹងមានការបកស្រាយពីខាងក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីអោយមហាជនបានយល់កាន់តែច្បាប់បន្ថែមទៀត ៕
អត្ថបទ៖ CPC News