ភ្នំពេញ៖ យោងតាមការបង្ហោះលើហ្វេសប៊ុកដោយលោក ចាន់ ចេន មេធាវីការពារក្តីលោក កាលពីថ្ងៃទី៥ កក្កដា បានបង្ហាញឲ្យឃើញពីសកម្មភាព មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញពីគេហដ្ឋានជាលើកដំបូង ទៅទស្សនាចម្ការផ្លែស្រកានាគ នាទឹកដីខេត្តត្បូងឃ្មុំ។
លោក ចាន់ ចេន បានបញ្ជាក់ថា ដំណើរកម្សាន្តចុងសប្ដាហ៍នៅតាមមូលដ្ឋានលើកដំបូង របស់លោក កឹម សុខា នេះ មិនប៉ះពាល់ដល់ដំណើរការនីតិវិធីច្បាប់នោះទេ។ មេធាវីរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួន យ៉ាងដូច្នេះថា៖« ខ្ញុំសូមធ្វើការពន្យល់អំពីច្បាប់ដល់អស់លោកអ្នកដែលមិនដឹង ឬដឹងហើយធ្វើជាមិនដឹង។ ឯកឧត្តម កឹម សុខា មិនមែនជាទណ្ឌិត ឬត្រូវបានតុលាការផ្តន្ទាទោសពីបទក្បត់ជាតិនោះទេ ហើយពេលនេះមិនមានច្បាប់ណាដែលហាម ឯកឧត្តម កឹម សុខា មិនឲ្យចេញក្រៅផ្ទះនោះទេ គឺគេហាមមិនឲ្យចេញទៅក្រៅប្រទេសតែប៉ុណ្ណោះ ។ ដូច្នេះការដើរហើរ ឬចេញទៅខាងក្រៅផ្ទះគ្រប់ទីកន្លែងនៅក្នុងប្រទេស វាជាសេរីភាពរបស់ឯកឧត្តម កឹម សុខា»។
គួរជម្រាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលុបបម្រាម២ចំណុចចេញពីលោក កឹម សុខា គឺបម្រាមមិនឲ្យលោកចេញទៅណាឆ្ងាយពីផ្ទះ និង បម្រាមមិនឲ្យលោកជួបមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ និងជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង។
ក្នុងន័យនេះលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោក កឹម សុខា អាចចេញក្រៅជួបគ្រប់អ្នកនយោបាយ និងសហការីរបស់លោកពីមុនៗ ក៏ដូចជាចុះទៅជួបប្រជាពលរដ្ឋផងដែរ លើកលែងតែចេញក្រៅប្រទេសប៉ុណ្ណោះ។
ប៉ុន្តែលោក ជិន ម៉ាលីន សង្កត់ធ្ងន់ថា រាល់ជំនួបទាំងនោះ លោក កឹម សុខា មិនត្រូវនិយាយឬធ្វើសកម្មភាពនយោបាយឡើយ។ លោក បញ្ជាក់ដូច្នេះថា៖«បើជួបក្នុងន័យសួរសុខទុក្ខ ជួបសំណេះសំណាល និង ជាការនឹករលឹកធម្មតា មិនមានចេតនានយោបាយ ឬក៏រៀបចំផែនការសកម្មភាពនយោបាយ គឺមិនអីទេ» ៕