ប្រជាពលេដ្ឋឆ្ងល់ថា តើថ្ងៃណាទៅ ទើបផ្លូវ៦០ម៉ែត្រ អាចធ្វើដំណើរដោយមិនពិបាកនិងមិនញញើតព្រោះតែការបើកបរព្រហើនរបស់ក្រុមឡានដឹកដី…(មានវីដេអូ)

ភ្នំពេញ៖មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ ហៅថាផ្លូវ៦០ម៉ែត្រ ព្រំប្រទល់ខណ្ឌមានជ័យនិងខណ្ឌដង្កោ គឺ ជាតំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ ដែលកំពុងមមាញឹកយ៉ាងខ្លាំង ចំពោះការកសាងនូវអគារ បុរី និង សំណង់ផ្សេងៗ ។

ពិតណាស់ ការអភិវឌ្ឈតែងជួបផលប៉ះពាល់ ។ ប៉ុន្តែ ផលប៉ះពាល់ខ្លះ ពិតជាអាចដោះស្រាយបាន ប្រសិនបើអាជ្ញាធរមានឆន្ទៈពិតប្រាកដ នោះ ។

ជាក់ស្តែង តាមបណ្តោយផ្លូវ៦០ម៉ែត្រ បច្ចុប្បន្ននេះ ឃើញថា ឧស្សាហ៍កើតនូវគ្រោះថ្នាក់ចរាចរណ៍ និង ពិបាកធ្វើដំណើរជាទីបំផុត សម្រាប់អ្នកជិះម៉ូតូតែម្តង ព្រោះតែកំណកខ្សាច់ដ៏ក្រាស់ឃ្មឹង និង ការបើកបរលឿនៗក្នុងស្ថានភាពគ្រោះថ្នាក់ជាទីបំផុត របស់ក្រុមឡានដឹកដី ។

ដោយមើលឃើញពីទុក្ខលំបាកទាំងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្មីៗនេះ បានចេញបទបញ្ជាជាថ្មីម្ដងទៀត ទៅអាជ្ញាធរខណ្ឌមានជ័យ អោយពិភាក្សាជាមួយម្ចាស់អាជីវកម្ម ដោយផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់ លើកំណាត់ផ្លូវ៦០ម៉ែត្រ នេះ ។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ថ្លែងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ នេះ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ រថយន្តដឹកដី ដឹកខ្សាច់នេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្រជាពលរដ្ឋ៥នាក់ របួសធ្ងន់៧នាក់ និង ស្រាល២នាក់ ។

នៅពេលនេះ ប្រជាពលរដ្ឋចង់ឃើញអាជ្ញាធរខណ្ឌមានជ័យ ពិភាក្សាអោយបានឆាប់រហ័ស ដើម្បីឈានដល់ការសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន លើផ្លូវ៦០ម៉ែត្រ នេះ ស្របតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ៕

អត្ថបទ៖ CPC News

Related posts

Leave a Comment