ស្អាតកប់តែម្តង! ផ្ទះ​មីង​ព្រឿង​ស្អាត​ណាស់​​ ដល់ថ្នាក់​ទាក់​​បេះដូង​​ចៅ​ហា្វយ​ស្រុកបន្ទាយស្រី​ មិន​សរសើរ​មិន​បាន​…

រៀបរាប់​យ៉ាង​ជក់ចិត្ត​ពី​ទិដ្ឋភាព​​ផ្ទះអ្នក​ស្រុក​នៅ​​បន្ទាយ​ស្រី​ ធ្វើ​ឲ្យ​អ្នក​អាន​ឡើង​​ស្លុង​ចិត្ត​តាម​។

មិន​បាច់​សរសេរ​បញ្ចេញ​បញ្ចូល​ច្រើន សូម​អាន​សំណេរ​របស់​អភិបាល​ស្រុក​លោក ឃឹម ហ្វីណង់ រៀបរាប់​ផ្ទះ​អ្នក​មីង​ព្រឿង​នៅ​ស្រុក​បន្ទាយ​ស្រី​ដូច​តទៅ…….។

«មីងព្រឿន ផ្ទះស្អាត»៖ សម្រាប់ខ្ញុំ ផ្ទះនេះគឺជាផ្ទះស្អាតជាងគេនៅក្នុងភូមិស្រែចង្ហូត ហើយប្រហែលជាផ្ទះស្អាតជាងគេនៅក្នុងឃុំរុនតាឯក រឺនៅក្នុងស្រុកបន្ទាយស្រីទាំងមូលផងក៏មិនដឹង!

ថ្ងៃមុន ជិះឡានកាត់ផ្ទះមីងព្រឿន ក៏នឹកឃើញចង់ឆៀងចូលលេងផ្ទះគាត់។ ខ្ញុំធ្លាប់បានមកដល់ផ្ទះមីងដោយចៃដន្យម្តង កាលពី៦ខែមុន ពេលដែលគាត់កំពុងជម្រះស្មៅនៅមុខផ្ទះ។ ពេលនោះខ្ញុំទើបតែបានមកដល់ទឹកដីបន្ទាយស្រី តែខ្ញុំនៅចាំបានថាផ្ទះមីងស្អាតណាស់ ស្អាតតាមបែបអ្នកជនបទ ស្អាតតាមបែបសាមញ្ញៗ ហើយអារម្មណ៍មួយនោះវាតែងតែដក់ជាប់ក្នុងចិត្តខ្ញុំជានិច្ច។ ខ្ញុំចេះតែលួចសរសើរថា មីងពិតជាអ្នកមានគំនិតមែន ទោះបីផ្ទះមីងស្ថិតនៅក្នុងតំបន់ដែលហុយដីខ្លាំងដោយសារតែផ្លូវគ្រួសក្រហម តែមីងមិនបណ្តែតបណ្តោយអោយផ្ទះរបស់មីងគគ្រិចទៅតាមយថាកម្មនោះទេ។

លើកនេះ ពិតមែនតែមកដោយមិនបានប្រាប់មុនម្តងទៀត តែមីងពិតជាមិនធ្វើអោយខ្ញុំខកបំណងមែន។ ផ្ទះមីងនៅតែស្អាត នៅតែមានរបៀប ដែលរឹតតែធ្វើអោយខ្ញុំជឿថា ភាពស្អាតគឺជាទម្លាប់ ហើយវាផុសចេញពីការអោយតម្លៃពីខាងក្នុងរបស់មនុស្សយើងម្នាក់ៗ។ មីងប្រាប់ខ្ញុំក្នុងសំដីរដឺនៗថា៖ “ខ្ញុំនៅផ្ទះ មានពេលច្រើន អត់ដឹងធ្វើអី ក៏ចេះតែធ្វើៗទៅ!” តែខ្ញុំមើលឃើញការស្រលាញ់របស់មីងទៅលើការងារនេះ។ មីងមានទម្លាប់ល្អ ហើយមីងជាមនុស្សស្អាត មីងមិនបណ្តោយអោយពេលវេលាកន្លងទៅដោយអត់ប្រយោជន៍ឡើយ។

ខ្ញុំតែងតែលួចគិតថា ប្រសិនបើផ្ទះអ្នកបន្ទាយស្រីម្នាក់ៗ សុទ្ធតែរៀបចំទុកដាក់បានល្អស្អាតដូចផ្ទះមីង មិនដឹងបន្ទាយស្រីស្រស់ត្រកាលយ៉ាងណាទេ ហើយប្រហែលជាមានអ្នកទេសចរជាច្រើន ជាពិសេសអ្នកដែលអោយតម្លៃទៅលើធម្មជាតិ នឹងមកទស្សនាដើរលេងកម្សាន្តញឹកញាប់ជាក់ជាមិនខាន។ មែន! អាចថាខ្ញុំមិនទាន់បានឃើញអស់ (ហើយបើដឹងថានៅបន្ទាយស្រីត្រង់ណាមានទៀតសូមជួយប្រាប់ផង) តែផ្ទះមីងពិតជាស្អាតមែនសម្រាប់ខ្ញុំ។

មិនមែនស្អាតដោយសារផ្ទះធំ រឺផ្ទះថ្មីទេ ហើយក៏មិនមានអ្វីមួយធំលេចធ្លោគួរអោយកត់សម្គាល់ដែរ តែភាពស្អាតនេះគឺនៅលើភាពមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ និងភាពមានគំនិតតាមបែបអ្នកជនបទតែម្តង។
ផ្ទះមីងគ្មានទឹកដក់ទេ គ្មានមូស ហើយក៏គ្មានសំរាមដែរ។ ស្លឹកឈើបោសស្អាត ពេលទំនេរ​មីងស្រោចទឹកផ្កា និងជម្រះស្មៅ។ មុខផ្ទះដាំផ្កា កៀនផ្ទះមានបន្លែបង្កា និងធ្នើរទុកដាំជី-ប្រទាលចម្រុះមុខ។ ដើមផ្កាខ្ពស់ទាបមានព៌ណឆ្លាស់គ្នា ខ្លះវារនៅលើដី ខ្លះវល្លិតោងឡើងទ្រើង បរិស្ថានជុំវិញឡោមព័ទ្ធទៅដើមឈើត្រឈឹងត្រឈៃ គួរជាទីមនោរម្យមែន! ហើយនេះរឹតតែបង្ហាញអោយឃើញថា មីងព្រឿនមិនមែនទើបតែចេះស្រលាញ់ធម្មជាតិកាលពីម្សិលមិញទេ។

អធ្យាស្រ័យ តែសុំអណ្តែតអណ្តូងវែងអន្លាយបន្តិចហើយ ព្រោះពាក្យ”ស្អាត”តែមួយមាត់ មិនគ្រប់គ្រាន់ដើម្បីពិពណ៌នាអារម្មណ៍ដែលខ្ញុំទទួលបានឡើយ ហើយក៏មិនយុត្តិធម៌ចំពោះការខិតខំប្រឹងប្រែងរបស់មីងព្រឿនដែរ។

តែប្រហែលជាមីងមិនបានទាំងប្រឹងផង គឺមីងគ្រាន់តែធ្វើដោយសារក្តីស្រលាញ់លើការងារនេះតែប៉ុណ្ណោះ តែដើម្បីជាការលើកទឹកចិត្ត ខ្ញុំបានសន្យាថានឹងអោយមន្ត្រីរបស់ខ្ញុំ យកថវិកាមួយចំនួនមកជូនមីង ដើម្បីជម្រុញអោយមីងបន្តរៀបចំរឹតតែស្អាតជាងនេះទៀត ហើយខ្ញុំបានសន្យាថានឹងមកមើលការរៀបចំបន្ថែមនេះម្តងទៀតនៅខែក្រោយ។ ការលើកទឹកចិត្តនេះ ខ្ញុំមិនចង់បានអ្វីមកវិញទេ សុំត្រឹមតែភាពជាគំរូល្អ ទុកគ្រាន់អោយអ្នកដទៃយកតម្រាប់តាមទៅបានហើយ ហើយក៏សង្ឃឹមថាមីងនឹងសប្បាយចិត្តចំពោះតួនាទីមួយនេះ។

ខ្ញុំសុំលាក់ទីតាំងសិន ចាំខែក្រោយ ពេលមីងរៀបចំបានស្អាតហើយ ចាំមកជួយគាំទ្រគាត់ទាំងអស់គ្នា! ខ្ញុំពិតជាចង់ដាក់ផ្ទះគាត់អោយទៅជាផ្ទះគំរូនៅក្នុងឃុំ និងបំផុសអោយមានការប្រលងប្រណាំងគ្នានៅក្នុងឃុំ ដោយយកផ្ទះគាត់ជាផ្ទះគោលដៅ។ គិតដូចខ្ញុំទេ?

Related posts

Leave a Comment