ភ្នំពេញ ៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រជំនាញនយោបាយអន្តរជាតិ ហើយត្រូវបានព្រះមហាក្សត្រ ធ្វើការអបអរសាទរ និងថ្វាយព្រះពរផងដែរ។
ព្រះមហាក្សត្ស តាមរយៈទំព័រហ្វេសប៊ុក«Royal du Cambodge» បានអបអរសាទរ និងថ្វាយព្រះពរដូច្នេះថា «សូមអបអរសាទរ និងថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក្នុងឱកាសបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន»។
ព្រះអង្គបន្តថា «ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះភាគិនេយ្យា(ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»៕