គួរអោយអណិតមិត្តជប៉ុនណាស់! ប្រជាជនច្រើនជាង ៧ម៉ឺននាក់ ត្រូវបង្គាប់ឲ្យជម្លៀសខ្លួន ព្រោះដោយសារតែ…

(តូក្យូ)៖ មនុស្សប្រហែលជា ៧៥,០០០នាក់ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព នៅភាគខាងលិច នៃប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ជាប់គាំង និងមនុស្ស ១៣នាក់បាត់ខ្លួន។ នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារអាកាសធាតុជប៉ុន បានចេញការព្រមានកម្រិតខ្ពស់បំផុត ពីភ្លៀងធ្លាក់ខ្លាំងក្នុង ខេត្តគូម៉ាមូតូ (Kumamoto) និង កូហ្គូសស៊ីម៉ា (Kago shima) នៅលើ កោះគ្យូស៊ូ (Kyushu) ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NHK បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ៣នាក់ដែលបានបាត់ខ្លួននៅខេត្ត គូម៉ាមូតូ បន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវបានកប់នៅក្រោមដីភក់។ លើសពីនេះទៅទៀត អាជ្ញាធរមូលដ្ឋាន ក៏បានស្នើសុំឱ្យកងទ័ពចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនេះផងដែរ។

មន្ត្រីក្នុងតំបន់ លោក តូស្យាគី មីហ្សុកាមី (Toshiaki Mizukami) បាននិយាយថា៖« យើងបានចេញបទបញ្ជាឱ្យជម្លៀសប្រជាជន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយយើងទទូចឱ្យប្រជាជនអនុវត្តតាម ដើម្បីការពារជីវិតខ្លួន ដោយសារភ្លៀងនៅតែបន្តធ្លាក់ខ្លាំង»។ ដោយឡែក បើតាមសារព័ត៌មានក្យូដូ (Kyodo) ប្រជាជនចំនួន ៧៥,០០០នាក់នៅខេត្ត គូម៉ាមូតូ និងកូហ្គាស៊ីម៉ា ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលមនុស្សជិត ១០០ នាក់ កំពុងបានជាប់គាំងនៅក្នុងផ្ទះ។ ចំណែកឯ សេវាកម្មរថភ្លើងមួយចំនួន រួមទាំងប្រតិបត្តិការរថភ្លើងល្បឿនលឿនស៊ីនខាន់សិន (Shinkansen) ត្រូវបានផ្អាកនៅក្នុងតំបន់។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងស្ថិតនៅក្នុងរដូវវស្សា ដែលជាញឹកញាប់បង្កជាគ្រោះទឹកជំនន់និង ការរអិលបាក់ដី ដែលជាហេតុជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ចេញបទបញ្ជាជម្លៀសប្រជាជនជាបន្ទាន់។ រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ៕

Related posts

Leave a Comment