សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា «មន្ត្រីអ្នកមានអំណាច មានលុយ ល្មមចេះឆ្អែត ហើយ ឈប់ធ្វើបាបប្រជាពលរដ្ឋ តទៅទៀត»

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់សាជាថ្មី ថា «មន្ត្រីអ្នកមានអំណាច និង អ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និង ចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត»។

នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នេះ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សង្កត់ធ្ងន់ថា «ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លី នឹងត្រូវមានទោស»។

កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២0 កន្លងទៅ នៅក្នុងកិច្ចសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី , សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងទាំង៣ គឺ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង ក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និង តំបន់ការពារផ្សេងៗរបស់រដ្ឋ ។

ក្នុងនោះ គឺ សម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថា ៖

១,ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាតជាដាច់ខាត ។ កន្លងមក សម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្រ្ទានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ២០ ក៏សម្តេចតេជោបានដឹងនឹងកំណត់អត្តសញ្ញាណនិងមុខសញ្ញារួចអស់ហើយដែរ ។ បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តមែននោះគឺនឹងត្រូវចាប់ខ្លួន។

២,ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើអោយបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។

៣,ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកឱស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម ៕

Related posts

Leave a Comment