ហួសចិត្ត! ទាល់តែមានបណ្តឹងពីប្រជាពលរដ្ឋ ទើបឃើញនគរបាលស្រុកកោះធំ ចុះមានវិធានការចំពោះក្រុមកាណូតស្មាច់កាវលៀសរាប់សិបគ្រឿង ដែលមានឈ្មោះ «ណេរ» ជាមេខ្យល់…

កណ្តាល៖នគរបាលប៉ុស្តិ៍ពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នេះ បានចុះមានវិធានការចំពោះក្រុមកាណូតស្មាច់កាវលៀសរាប់សិបគ្រឿង ដែលមានឈ្មោះ «ណេរ» ជាមេខ្យល់មកពីខេត្តកំពង់ឆ្នាំង ក្រោយមានបណ្តឹងពីប្រជាពលរដ្ឋ បង្ហោះចូលហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «សួស្ដីបងៗ សូមអធ្យាស្រ័យបងៗ ជួយសម្រួលរឿងកាណូតកាវខ្ចៅនៅពេលយប់ម៉ោង១១ ធ្វើអោយប៉ះពាល់ដល់ការគេង (គេងមិនលក់ដោយសារសម្លេងកាណូតកាវខ្ចៅ) ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ។ បញ្ជាក់ ៖ កាណូតកាវខ្ចៅតាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង១១យប់មិនទាន់ឈប់? នៅទីតាំង ភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម , លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាអោយនគរបាលប៉ុស្ដិ៍ពោធិ៍បាន ចុះពិនិត្យមើលរឿងនេះ គឺពិតជាកើតមានឡើងមែន នៅក្នុងភូមិសាស្ត្រឃុំពោធិ៍បាន ដែលមានព្រំប្រទល់ជាប់នឹងស្រុកស្អាង ។

កម្លាំងប៉ុស្ដិ៍បានចុះដល់ទីតាំងនេសាទនោះ ផ្ទាល់និងបានអប់រំណែនាំ ធ្វើកិច្ចសន្យា ទៅលើប្រជានេសាទកាវខ្ចៅ កាវលៀស ដែលបញ្ឆេះម៉ាស៊ីនបំពងសម្លេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋនៅក្បែរនោះ បានចំនួន៨នាក់ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ធ្លាប់បានអះអាងប្រាប់ CPC NEWS ថា ក្រុមទូកស្មាច់កាវលៀសប្រមាណ៥០គ្រឿង ដែលមានមេខ្យល់ឈ្មោះ «ណេរ» បានធ្វើដំណើរពីស្រុកស្អាង មកដល់ស្រុកកោះធំ ខេត្តកណ្តាល ហើយ កំពុងធ្វើសកម្មភាពអូសយកខ្ចៅខ្យងលៀសតូចធំដោយប្រើឧបករណ៍ខុសច្បាប់ និង បំផ្លាញធនធានធម្មជាតិក្នុងបឹងទន្លេបាសាក់ ។

ក្រុមអ្នកធ្វើសកម្មភាព ខុសច្បាប់ទាំងនេះ អះអាងប្រាប់ CPC NEWS ថា ខ្ចៅខ្យងលៀសតូចធំដែលរកបាន គឺ លក់អោយឈ្មោះ «ណេរ» ជាមេខ្យល់ នៅខេត្តកំពង់ឆ្នាំង ដឹកបន្តទៅប្រទេសវៀតណាម ។

លៀសឬខ្ចៅដែលអូសយកបានមកយកទាំងតូចទាំងធំ រួចយកទៅលក់នៅព្រំដែនវៀតណាម ដោយមានម៉ូយចាំទទួលទិញរាប់សិបតោនក្នុងមួយថ្ងៃៗដឹកសុទ្ធតែឡានយីឌុបខ្នាតយក្ស ។

ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេបាសាក់ បានសម្តែងការមិនសប្បាយចិត្តទេ ដោយពួកគាត់សង្ស័យថា ជំនាញជលផលបើកដៃអោយហើយ បានជាពួកគេហ៊ានធ្វើសកម្មភាពយ៉ាងគឃ្លើនបែបនេះ ដោយពលរដ្ឋបានត្អូញត្អែរថា «បើតែយ៉ាងណឹងវានឹងរលាយហិនហោចអស់ហើយ»។

ប្រជាពលរដ្ឋ បានសំណូមពរអោយអាជ្ញាធរមូលដ្ឋាន ជាពិសេសលោក ហេង សុភារិទ្ធ ដែលជានាយខ័ណ្ឌរដ្ឋបាលជលផលកណ្តាល ដែលទើបឡើងកាន់ដំណែងថ្មី សូមមេត្តាមានវិធានការទប់ស្កាត់និងបង្រ្កាបករណីនេះផង ៕

អត្ថបទ៖ CPC News

Related posts

Leave a Comment