កូនប្រុស សម្តេច ស ខេង គឺលោក ស សុខា ចាត់ទុកបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» មានចរិតរើសអើងនិងបំបែកបំបាក់ជាតិសាសន៍…(មានេះវីដេអូ)

ព្រៃវែង៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និង ជាកូនប្រុសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងក្រសួងមហាផ្ទៃ ចាត់ទុកបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» មានចរិតរើសអើងនិងបំបែកបំបាក់ជាតិសាសន៍ ដោយសំណូមពរ អោយក្រុមការងារផលិតគប្បីចេញមុខសុំទោសជាសាធារណៈនិងដកចេញគ្រប់ប្រព័ន្ធនៃការផ្សព្វផ្សាយទាំងអស់ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ស សុខា ថ្លែងថា «តើអ្នកព្រៃវែងខុសអី?»ក្នុងនាមយុវជនម្នាក់ ខ្ញុំពិតជាមានការសោកស្ដាយ និងហួសចិត្តពេលបានឃើញនិងស្ដាប់អត្ថន័យបទចម្រៀងនេះ ។ មិនខុសពីការរិះគន់របស់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត ខ្លឹមសារនេះមានចរិតរើសអើង បំបែកបំបាក់ជាតិសាសន៍ បន្ទាបតម្លៃអ្នកព្រៃវែង បន្តុះបង្អាប់កិត្តិយស ប្រមាថសេចក្ដីថ្លៃថ្នូរក្នុងនាមប្រជាពលរដ្ឋ ដែលមានសិទ្ធិពេញលេញនិងសេចក្ដីថ្លៃថ្នូរដ៏បរិបូរណ៍នាសម័យបច្ចុប្បន្ន។

លោក ស សុខា យល់ថា អ្នកគ្រប់គ្រងការផលិត អ្នកដឹកនាំសម្ដែង ផលិតករ អ្នកនិពន្ធ គួរពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយបំផុតជុំវិញផលប៉ះពាល់សតិអារម្មណ៍ និងសង្គមទាំងមូល មុននឹងផលិតចេញជាសាធារណៈ ។ ចំណែកអ្នកចម្រៀង អ្នកសម្ដែង ក៏គួរពិចារណាដោយជួយកេះគ្នាពិនិត្យកែសម្រួលខ្លឹមសារផងដែរ ។

ធាតុពិតអ្នកព្រៃវែងពុំមានចរិតលក្ខណៈដូចអត្ថន័យសម្ដែងក្នុងបទនេះទេ ។ អ្នកព្រៃវែងស្លូតបូត ឧស្សាហ៍ព្យាយាមប្រកបរបរការងារផ្សេងៗ ។ ទោះជាមានចំណុចអវិជ្ជមានខ្លះ តែនោះជាឥរិយាបថបុគ្គល ហើយមិនមែនតែអ្នកព្រៃវែងនិងមិនមែនមានតែស្រុកខ្មែរដែរ។ សូមកុំយកទស្សនៈ «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់» មកអនុវត្ត ។

ជាសំណូមពរ លោក ស សុខា គិតថា ក្រុមការងារផលិតគប្បីចេញមុខសុំទោសជាសាធារណៈនិងដកចេញគ្រប់ប្រព័ន្ធនៃការផ្សព្វផ្សាយទាំងអស់ ។

ជាថ្មីម្ដងទៀត ក្រុមការងារផលិតមុននឹងផលិត ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការទទួលខុសត្រូវសង្គមនិងការប្រឈមផ្លូវច្បាប់ ។ ក្នុងករណីនេះ អាចចាត់ថាជាការញុះញុងឱ្យមានការរើសអើង ការជេរប្រមាថ…ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ។ តែទោះយ៉ាងណា យើងគាំទ្រនិងលើកទឹកចិត្តរាល់ការផលិតស្នារដៃនានា ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិរបស់យើង ឈរលើវិជ្ជាជីវៈ ត្រឹមត្រូវ ។

រចនាសម្ព័ន្ធនៃអ្នកផលិតបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» រួមមាន ៖ ច្រៀងដោយ សយ រតនា , និពន្ធ Melody ដោយឈន ស៊ីណា , និពន្ធទំនុកច្រៀង ដោយ សយ រតនា , និពន្ធបទភ្លេងដោយ Foung Moon និង គ្រប់គ្រងការផលិត ដោយ ឈួន សុខលីម ៕

Related posts

Leave a Comment