ជួយគាត់ផង! ជនរងគ្រោះ អំពាវនាវរកយុត្តិធម៌ ក្រោយតុលាការខេត្តកំពត សម្រេចអោយជនបង្កជាប៉ូលិសនៅក្រៅឃុំ ហើយជនបង្ក ពោលពាក្យបញ្ឈឺ ថា «ធ្វើស្អីអញកើត អញជាប៉ូលិស ប្តីអញក៏ជាប៉ូលិស»…

កំពត៖យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «បង គក់» បានបង្ហោះកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ថា «ខ្ញុំបាទឈ្មោះ ស្រី ស៊ីណាង និង នាងខ្ញុំឈ្មោះ ហែម សុគន្ធា ជាប្រជាពលរដ្ឋរស់នៅភូមិភ្នំត្រែល ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត បានទទួលរងនូវការរំលោភបំពាន និង ប្រើអំពើហិង្សាដោយចេតនា មកលើរូបយើងខ្ញុំ ដោយលោកស្រីអនុសេនីយ៍ត្រី ទេស សុខេន អត្តលេខ ៨៧៤១៣ បច្ចុប្បន្នបំរើការងារនៅ ស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ»។

ហ្វេសប៊ុកដដែល បន្តថា បុគ្គលរូបនេះ និង បក្សពួកបានព្រួតគ្នា មកវាយរបងផ្ទះយើងខ្ញុំដែលទើបសង់រួច ដោយបានយកដុំថ្មគប់មកលើយើងខ្ញុំបណ្តាលរងរបួសបែកក្បាល និងត្រូវរបួសដៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។ ក្រោយពេលកើតហេតុ ជនបង្កត្រូវបានស្នងការនគរបាលខេត្តកំពត នាំខ្លួនយកទៅឃុំទុកមួយយប់ ហើយក្រោយមកបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពត ប៉ុន្តែក្រុមគ្រួសារជនបង្កបានតំកល់ប្រាក់ធានានៅក្រៅឃុំជាបណ្តោះអាសន្ម ។

ចាប់តាំងពីពេលនោះមក យើងខ្ញុំមិនទាន់បានទទួលយុត្តិធម៌នៅឡើយទេ ដោយជនបង្កជាមន្ត្រីប៉ូលីសរូបនេះ តែងតែពោលពាក្យឌឺដងមកលើយើងខ្ញុំថា «ធ្វើស្អីអញកើត អញជាប៉ូលីស ប្តីអញក៏ជាប៉ូលីសនៅស្រុកនេះដែរកុំចង់មកខ្លាំងជាមួយអញ»។ ដូច្នេះក្នុងនាមយើងខ្ញុំជាប្រជារាស្ត្រស្លូតត្រង់ សូមគោរពស្នើសុំសម្តេច មេត្តាជួយរកយុត្តិធម៌អោយយើងខ្ញុំផង ព្រោះជាមន្ត្រីប៉ូលីសគួរជួយរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ មិនគួរអាងអំណាចមកធ្វើបាបពលរដ្ឋដូចបុគ្គលរូបនេះឡើយ។

ម៉្យាងវិញទៀត បើតាមដែលយើងខ្ញុំធ្លាប់បានស្គាល់បុគ្គលឈ្មោះ ទេស សុខេន នេះតាំងពីបុគ្គលនេះនៅកុមារមក គឺថាបុគ្គលរូបនេះរៀនមិនចប់ មធ្យមសិក្សាបឋមភូមិផង ដោយបានឈប់រៀន និងបានរៀបការជាមួយមន្ត្រីប៉ូលិសឈ្មោះ អ៊ុក ផាត បំរើការនៅអធិការដ្ឋានស្រុកអង្គរជ័យ ខេត្តកំពត និងមានកូនចំនួន៣នាក់ តែជាពេលនេះបុគ្គលឈ្មោះ ទេស សុខេន នេះបានក្លាយជាមន្ត្រីប៉ូលីស ដោយមិនដឹងជាយកសញ្ញាបត្រ ពីណាមក ដើម្បីដាក់ប្រឡងចូលក្របខ័ណ្ឌប៉ូលីស ហើយថែមទាំង បានពាក់ស័ក្កិ១ទៀតផង។

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ថ្លែងថា «ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជូនសាធារណៈជន ក៏ដូចជាជនរងគ្រោះក្នុងករណីហឹង្សារខាងលើនេះអោយបានជ្រាបថា ក្រោយទទួលបានពត៏មាននៃករណីហឹង្សារនេះ ស្នងការដ្ឋានបានបញ្ជាទៅអធិការនគរបាលស្រុកអង្គរជ័យធ្វើការឃាត់ខ្លួននិងបញ្ជូនជនសង្ស័យខាងលើនេះមកចាត់ការតាមនិតិវិធីច្បាប់។ ជនសង្ស័យខាងលើនេះបានបញ្ជូនទៅតុលាការ តែត្រូវបានតុលាការអោយនៅក្រៅឃុំដោយសារតំកល់ប្រាក់ធានា ។ ស្នងការដ្ឋាននគរបាលខេត្តមានតួនាទីបំពេញភារៈកិច្ចនិងការពារប្រជាពលរដ្ឋដោយមិនគិតពីឧបសគ្គអ្វីទាំងអស់»។

ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នេះ CPC NEWS ពុំទាន់អាចស្វែងរកការទំនាក់ទំនងទៅកាន់លោកស្រីអនុសេនីយ៍ត្រី ទេស សុខេន ដើម្បីសុំការឆ្លើយតប បាននៅឡើយទេ ៕

អត្ថបទ៖ CPC News

Related posts

Leave a Comment