សេដ្ឋកិច្ចវៀតណាមបានកើនឡើងមិននឹកស្មានដល់នៅក្នុងត្រីមាសទី ២ ទោះបីក្នុងល្បឿនយឺតបំផុតក្នុងរយៈពេលមួយទសវត្សរ៍ក៏ដោយ ខណៈការនាំចេញបានធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩។
ការិយាល័យស្ថិតិទូទៅបានឱ្យដឹងនៅថ្ងៃចន្ទទី២៩មិថុនានេះនៅទីក្រុងហាណូយថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ០,៣៦ ភាគរយពីឆ្នាំមុន បើប្រៀបធៀបទៅនឹងកំណើន ៣,៦៨ ភាគរយនៅក្នុងត្រីមាសទី ១។ ការប៉ាន់ប្រមាណជាមធ្យមនៅក្នុងការអង្កេតរបស់ក្រុមសេដ្ឋវិទូរបស់សារព័ត៌មាន Bloomberg គឺថា GDP របស់វៀតណាមនឹងធ្លាក់ចុះ ០,៩ ភាគរយ។
សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់វៀតណាមកំពុងរងផលប៉ះពាល់ ខណៈវីរុសកូរ៉ូណារំខានដល់សង្វាក់ផ្គត់ផ្គង់ពិភពលោកនិងប៉ះពាល់ដល់តម្រូវការ ប៉ុន្តែនៅតែទំនងជាក្លាយជាប្រទេសដែលធ្វើបានល្អជាងគេមួយនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ។
លោកនាយករដ្ឋមន្រ្តីង្វៀន សួនភុកបាននិយាយថា កាលពីខែមុនសេដ្ឋកិច្ចអាចរក្សាបានកំណើនពី ៤ភាគរយទៅ ៥ភាគរយក្នុងឆ្នាំនេះ ខណៈរដ្ឋាភិបាលកំពុងព្យាយាមទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតពីអាជីវកម្មនានា ដែលកំពុងកែសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់។
ការនាំចេញបានធ្លាក់ចុះ ២ ភាគរយនៅខែមិថុនាធៀបនឹងឆ្នាំមុន ខណៈការនាំចូលបានកើនឡើង ៥,៣ ភាគរយ។តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣,១៧ ភាគរយនៅក្នុងខែមិថុនាធៀបនឹងឆ្នាំមុន ពោលគឺកើនឡើងពី ២,៤ ភាគរយក្នុងខែឧសភា។
រដ្ឋាភិបាលមានបំណងរក្សាកម្រិតអតិផរណាជាមធ្យមត្រឹមខ្ទង់ ៤ ភាគរយនៅឆ្នាំនេះ។វៀតណាមបានបង្ហាញអតិរេកពាណិជ្ជកម្ម ៥០០ លានដុល្លារក្នុងខែមិថុនា បើប្រៀបធៀបនឹងឱនភាព ៩០០ លានដុល្លារកាលពីខែមុន៕
ប្រភព៖ thecambodiatimes