ភ្នំពេញ៖ កុមារី អន វិសាខា ដែលមានវ័យទើប៦ឆ្នាំប៉ុណ្ណោះ បានឡើងទៅដល់កំពូលភ្នំឱរ៉ាល់២លើកទៅហើយ ជាមួយឪពុកម្ដាយ នៅក្នុងឆ្នាំ២០២០នេះ។ ការឡើងភ្នំខ្ពស់ជាងគេនៅកម្ពុជា ឱរ៉ាល់កាលពីលើកទី១ របស់កុមារីតូចច្រមក់រូបនេះ ធ្វើឡើងកាលពីថ្ងៃទី១៤-១៦ កុម្ភៈ ឆ្នាំ២០២០ និងលើកទី២ គឺកាលពីថ្ងៃទី២២-២៤ មិថុនា កន្លងទៅថ្មីៗនេះ។ អ្នកស្រី លី ចាន់សុគន្ធារី ម្ដាយកុមារី វិសាខា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះតាមទូរសព្ទ។ ស្ត្រីដែលមានកូនដល់ទៅ៥នាក់ រស់នៅឯខេត្តសៀមរាបរូបនេះ បន្តថាការនាំកូនៗទាំង៥នាក់របស់ខ្លួនឡើងភ្នំ ដើម្បីឲ្យកូនមានភាពរឹងមាំ និងស្រឡាញ់បរិស្ថានធម្មជាតិ។
នេះជាលើកទី៣ ហើយដែលអ្នកស្រីចាន់សុគន្ធារី និងស្វាមី បានឡើងភ្នំឱរ៉ាល់ ខណៈវិសាខា ដែលជាកូនពៅ និងកូនស្រីអាយុ១១ឆ្នាំម្នាក់ទៀត បានឡើងភ្នំឱរ៉ាល់ជាមួយខ្លួន២លើក។ រីឯកូនៗ៣នាក់ទៀត ឡើងបានតែម្នាក់១លើកប៉ុណ្ណោះ។
មុនឡើងភ្នំឱរ៉ាល់មួយសប្ដាហ៍ អ្នកស្រី សុគន្ធារី តែងតែឲ្យកុមារី អន វិសាខា ដើរហាត់ប្រាណជាមួយអ្នកស្រី រៀងរាល់ព្រឹកលើចម្ងាយផ្លូវប្រមាណ ៦ទៅ៧គីឡូម៉ែត្រ។ អ្នកស្រី លី ចាន់សុគន្ធារី រៀបរាប់ពីការឡើងភ្នំរបស់កូនយ៉ាងដូច្នេះ៖ «កាលពីលើកទី១ គាត់រៀងយ៉ាប់បន្តិច ដោយចំណាយពេលយូរ។ ប៉ុន្តែលើកទី២នេះ គាត់ឡើងលឿនជាងមុន គាត់ស្គាល់ផ្លូវ គាត់ដើររត់ៗ មិនពិបាកទេ»។ បើតាមអ្នកម្ដាយរូបនេះ ការធ្វើដំណើរឡើងភ្នំរបស់កូនស្រី មិនមានផលលំបាកនោះទេ ដោយនាងចង់ឡើងភ្នំឱរ៉ាល់នាពេលក្រោយៗទៀត។
សម្រាប់អ្នកស្រី លី ចាន់សុគន្ធារី ការធ្វើដំណើរឡើងភ្នំឱរ៉ាល់ បានធ្វើឲ្យអ្នកស្រីអាចកាត់បន្ថយភាពតានតឹង តាមរយៈទេសភាពព្រៃព្រឹក្សា និងសត្វព្រៃនាភ្នំឱរ៉ាល់ ដោយនាំមកនូវភាពស្រស់ស្រាយ។ អ្នកស្រី សុគន្ធារី បន្តថា ការទៅលេងភ្នំឱរ៉ាល់នេះ ក៏ជាផ្នែកមួយចូលរួមការពារធម្មជាតិ និងចូលរួមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើរបស់ប្រជាពលរដ្ឋផងដែរ។ អ្នកស្រី សុគន្ធារី ចង់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន បានស្គាល់ និងទៅកម្សាន្តនៅភ្នំឱរ៉ាល់ ដើម្បីបង្កើនប្រាក់ចំណូលជួយដល់សហគមន៍ និងលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ។
សូមបញ្ជាក់ថា ពីខែមករា ដល់ខែឧសភា មានភ្ញៀវទេសចរជាង៣០០០នាក់ បានឡើងភ្នំឱរ៉ាល់។ «ភ្នំឱរ៉ាល់» ជាភ្នំដែលខ្ពស់ជាងគេ នៅក្នុងប្រទេសកម្ពុជា មានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕
ប្រភព៖ thmeythmey.com